តូចពិតមែន តែសេដ្ឋកិច្ចព្រុយណេខ្លាំងមិនចាញ់សមាជិកអាស៊ាន​

អន្តរជាតិ

ព្រុយណេ ត្រូវបានចាត់ទុកថាជាប្រទេសតូចជាងគេមួយ ក្នុងចំណោមប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយមានផ្ទៃដីសរុប ៥ ៧៧០ គីឡូមម៉ែត្រការ៉េ ដែលជាកោះឯករាជ្យស្ថិតនៅឆ្នេរខាងជើងនៃកោះ Borneo ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានព្រំប្រទល់ខាងជើងជាប់សមុទ្រចិនខាងត្បូង និងផ្នែកផ្សេងទៀត ជាប់ជាមួយប្រទេសម៉ាឡេស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីជាប្រទេសមានទំហំតូចក៏ពិតមែន តែព្រុយណេ ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតមួយ នៅក្នុងតំបន់ ដែលស្ទើទាំងស្រុងទៅហើយ ប្រទេសមួយនេះ ពឹងផ្នែកខ្លាំងទៅលើធនធានប្រេង និងហ្គាស់របស់ខ្លួន។ ប្រាក់ចំណូលបានពីផលិតផលប្រេង និងហ្គាស់នេះហើយ បានផ្តល់ជូនលទ្ធភាពដល់រដ្ឋាភិបាលព្រុយណេ ដើម្បីអាចផ្តល់ជូនប្រាក់ចំណូលដ៏ខ្ពស់បំផុតមួយ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ។

ទន្ទឹមនឹងនេះ ព្រុយណេ ក៏មានការពឹងផ្នែកខ្លាំង ទៅលើការនាំចូលសម្រាប់ផលិតផលទំនិញ និងស្បៀងអាហារស្ទើតែទាំងស្រុង ពីក្រៅប្រទេស ដូច្នេះហើយទើបរដ្ឋាភិបាល បានខិតខំដើម្បីធ្វើចម្រុះកម្មទៅលើសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការអភិវឌ្ឍវិស័យផ្សេងទៀតដូចជា កសិកម្ម នេសាទ ទេសចរណ៍ និងសេវាកម្មហិរញ្ញវត្ថុ ចាប់តាំងពីចុងសតវត្សទី ២០ មក។

តាមរយ:កិច្ចខិតខំប្រឹងប្រែងទាំងនេះ នៅដើមសតវត្សរ៍ទី ២១ ព្រុយណេ បានប្រែក្លាយខ្លួនជាប្រទេសផលិតចំណីសត្វ ស៊ុត និងបន្លែ ហើយអាចឈានដល់ការគ្រប់គ្រងទៅលើតម្រូវការដោយខ្លួនឯងបាន ស្របពេលការដាំដុះស្រូវ ក្នុងស្រុក នៅតែមានភាពខ្វះខាតតម្រូវការក៏ដោយ តែផលិតកម្មនេះ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ សម្រាប់រយ:ពេលចុងក្រោយនេះ។

ត្រលប់មកកាន់ឧស្សាកម្មប្រេងឥន្ធន: និងហ្គាស់វិញ វាបានរួមចំណែកច្រើនជាងពាក់កណ្តាល នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសព្រុយណេ បើទោះបីជាឧស្សាហកម្មនេះ បានប្រើប្រាស់កម្លាំងពលកម្មតិចតួចក្តី។ ស្ទើតែទាំងអស់នៃប្រេងឥន្ធន: និងហ្គាស់របស់ប្រទេសនេះ ត្រូវបានផលិតចេញពីតំបន់ឈូងសមុទ្រ ដែលមានទីតាំងនៅភាគខាងលិចប្រទេស។

ផលិតផលប្រេង និងហ្គាស់ស្ទើតែទាំងអស់ ត្រូវបាននាំចេញទៅក្រៅ ដោយភាគច្រើនទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ី ហើយប្រាក់ចំណូលបានមកពីឧស្សាហកម្មនេះ បានរួមចំណែកស្ទើតែទាំងស្រុង នៃប្រាក់ចំណូលសរុបរបស់ព្រុយណេ ។

សម្រាប់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ព្រុយណេ ភាគច្រើនគឺនៅក្នុងតំបន់អាស៊ី ដោយក្នុងនោះរួមមាន ប្រទេសជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម។ ទន្ទឹមនឹងនេះ ព្រុយណេ ក៏ធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ និងសមាជិកសហភាពអឺរ៉ុបផងដែរ។

ជម្រាបជូនផងដែរថា គិតត្រឹមឆ្នាំ ២០២១ GDP របស់ព្រុយណេ កើនឡើងដល់ ៣១,៧ ពាន់លានដុល្លារ ស្របពេលទំហំពាណិជ្ជកម្មសរុបគិតត្រឹមឆមាសទីមួយ ឆ្នាំ ២០២២ នេះ ព្រុយណេទទួលបាន ២០៧៣ លានដុល្លារ កើនឡើង ៤៨,៧% ពីចំនួន ១៣៩៣ លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យទទួលបានពី The Star ៕