កម្ពុជា នឹងមានសាលាជាតិវិជ្ជាជីវៈទេ​សច​រណ៍​ចំនួន២​ទីតាំង​នៅ​ភ្នំពេញ និងព្រះ​សីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ប្រសិនបើគ្មានការប្រែប្រួលនោះទេ ក្រសួងទេសចរណ៍ នឹងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ចំនួនពីរទីតាំង គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយប្រើប្រាស់ថវិកាប្រមាណ ២៦.៥​លាន​​ដុល្លារ ។ ក្នុងនោះថវិការបស់​រាជរដ្ឋា​ភិបា​ល​​កម្ពុជា​​ចំនួន១៤.៥លានដុល្លារ និងជាហិរញ្ញប្បទានឥណទាន​​ដែលបានមកពីទីភ្នាក់ងារបារាំងសម្រាប់ការ​អភិវឌ្ឍ (AFD) ចំនួន១១លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១២លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Boucher Sandrine ដែល​​ទទួល​បាន​​ការ​​​តែងតាំង​ជានា​យិកា​​ទី​ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីរសៀល ថ្ងៃទី១៧ ខែ​​វិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ បាន​ថ្លែងអំណរគុណ​​ដល់ AFD ដែល​បាន​ជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសបាន​ផ្ដល់​ហិរញ្ញប្បទានឥតសំណង ១,៥​លានអឺរូ ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP)និងផ្តល់​កម្ចី​ហិរញ្ញប្បទាន ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ ផងដែរ។

លោក ថោង ខុន បានបន្តថា នៅពេលដាក់ឱ្យដំណើរការបណ្ដុះបណ្ដាល សាលាជាតិទាំង២​ទីតាំងនេះ​នឹងជួយបន្ថែមដល់ សិស្ស​​ដែលមាន  ជីវភាពខ្វះខាត ដោយសារសាលានឹងមានកម្មវិធី​ផ្ដល់អាហា​រូបករណ៍ កម្មវិធីសិក្សាបណ្ដើរធ្វើការបណ្ដើរ​ដើម្បីបានប្រាក់ចំណូលខ្លះ ព្រមទាំងមានការបន្ធូរបន្ថយ​តម្លៃសិក្សា​ផងដែរ។ អ្វីដែលពិសេសលើសពីនេះ គឺសាលាជាតិ​នេះ​នឹងមានការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈដល់​សិស្សឱ្យបានគ្រប់មុខជំនាញដែលបានដាក់ចេញ ទាំងស្ដង់ដាជាតិ និង​​ស្ដង់ដា​អាស៊ាន សរុបប្រមាណ៧០មុខជំនាញ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ។

ជាមួយគ្នានេះ លោកស្រីនាយិកា ក៏បានកោតសរសើរដល់ប្រទេសកម្ពុជាដែលមានធនធានវប្បធម័ បេតិកភ័ណ្ឌពិភពលោក​ទាំង​រូបី អរូបីទាក់ទាញ ធនធានធម្មជាតិសម្បូរបែប ជាពិសេសមានប្រជាជន​កម្ពុជាដែលមានភាពរស់រាយរាក់ទាក់ មាន​បដិ​សណ្ឋាកិច្ចល្អប្រពៃដែលទាំងនេះ គឺជាសក្តានុពលដ៏ថ្លៃថ្លា​សម្រាប់ការអភិវឌ្ឍន៍ និងជឿជាក់ថាវិស័យ​ទេសចរណ៍​កម្ពុជា​នឹងងើបឡើងយ៉ាងឆាប់រហ័ស។

លោកស្រី ក៏បានសំដែងការ​កោតសរសើរ និងគាំទ្រដល់ក្រសួងទេសចរណ៍​ដែលបានដាក់​ចេញនូវ​ផែន​ការយុទ្ធសាស្ត្រ និង​គោល​នយោបាយនានាសម្រាប់ការស្តារ និងឡើង​​ស្តួយអភិវឌ្ឍវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវិដ-១៩ ជាពិសេស AFD បន្តគាំទ្រដល់ការបណ្តុះ​បណ្តាល ពង្រឹងស​មត្ថភាពទាំងស្ថាប័ន ​និងបុគ្គលិកក្នុងវិស័​យទេសចរ​ណ៍ ដូចក​រណីការបង្កើត​សាលាជាតិវិជ្ជាជីវៈ​ទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ ហើយ AFD អាចនឹងបន្តជួយក្នុងកា​របង្កើតសាលាជាតិ​នេះនៅ​តាមបណ្តាខេត្តសក្តា​នុពលដ៏ទៃទៀត។