អ្នកឧកញ៉ា គួច ម៉េងលី ចេញបកស្រាយរឿងបែកធ្លាយរូបថតនៅក្នុងក្លឹបជាមួយនារីម្នាក់

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ​​មាន​​​គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបភាព​អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​ដោយ​បង្ហាញ​ភាព​ស្និទស្នាល​ជាមួយ​នារី​ម្នាក់ នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​កន្លែង។ រូបភាព​ទាំង​នោះ បាន​ធ្វើ​ឱ្យ​សាធារណៈ​ជន​ជា​ច្រើន​​មាន​ការ​យល់​ច្រឡំ​ ទោះ​យ៉ាង​ណា ​នៅ​ថ្ងៃនេះ​អ្នកឧកញ៉ា ​​បាន​​​ចេញ​មក​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​​មាន​កម្មវិធី​លក្ខណៈ​គ្រួសារ​​​នៅ​ទីនោះ ​​ហើយ​នារី​ម្នាក់​នោះ ក៏​បាន​សុំ​ថត​រូប​ជាមួយ​លោក ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​​តែ​ប៉ុណ្ណោះ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ យ៉ាង​ដូច្នេះ​ថា៖ “ជូនចំពោះ​ប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់ ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធី​ផ្ទាល់ខ្លួន​របស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះ​មកបង្ហោះនៅលើហ្វេសប៊ុក​ហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។ ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖ «ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិង​បានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍​ក្នុងកម្មវិធីក្រុម​គ្រួសារមិត្តភ័ក្កិ​លោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយ​ផ្ដេស​ផ្ដាសទៅ?»”។

អ្នកឧកញ៉ា គួច ម៉េងលី បាន​បន្ថែម​ថា សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! លោក​ក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍​គ្រួសាររីករាយផ្សេងៗ៕