ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅចំពោះមុខប្រធានាធិបតី វូឡូឌីមៀ សេលេនស្គី នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីហ្ស៉ី ស៊ុនណាក់ បានប្រកាសផ្តល់កញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០លានដុល្លារ ដល់អ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី សេលេនស្គី នាទីក្រុងកៀវថា លោក ស៊ុនណាក់ បាននិយាយថា៖ “ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ្នករហូតដល់អ៊ុយក្រែនទទួលបានសន្តិភាព សន្តិសុខដែលខ្លួនត្រូវការ និងសមនឹងទទួលបាន”។
យ៉ាងណា សម្រាប់ប្រធានាធិបតីអ៊ុយក្រែន បានសរសើរនិងចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេសថា មានអត្ថន័យ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
សូមជម្រាបថា កញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០ លានដុល្លារ នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសផ្តល់កញ្ចប់នោះ រួមមាន កាំភ្លើងយន្តបាញ់យន្តហោះ ១២០ដើម, រ៉ាដា និងឧបករណ៍ប្រឆាំងដ្រូន។
គួររំលឹកថា នាយករដ្ឋមន្ត្រីអង់គ្លេសចំនួនពីររូបហើយបានទៅអ៊ុយក្រែន បន្ទាប់ពីផ្ទុះសង្រ្គាមជាមួយរុស្សុី គឺ លោក ស៊ុនណាក់ និង ប៊ូរីស ចនស៊ុន ដែលទើបផុតអាណត្តិថ្មីៗនេះ៕