កម្ពុជា ឯកភាពជាមួយវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពជាមួយសំណើរវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ។ ការឯកភាពនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញហ្វេ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាវៀតណាម
ក្នុងជំនួបនាថ្ងៃទី២០វិច្ឆិកា

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក វឿង ឌីញហ្វេ បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ និងឱ្យបានគ្រប់វិស័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយសំណើរបស់ប្រធានសភាវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕