ឧកញ៉ា សុង សារ៉ន ចុះជួយប្រជាកសិករ មិនឱ្យតម្លៃស្រូវទាបជាង ១០៣៥រៀល ក្នុងមួយគីឡូក្រាម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយក្រុមហ៊ុន អេមរ៉ូរាយ បានចុះទៅ​ជួប​ពិភាក្សា​ផ្ទាល់​ជាបងប្អូនប្រជាកសិករ នៅតំបន់ឆ្ងាយពីទីតាំងប្រមូលផ្តុំ ដែលកំពុង​ជួយអន្តរាគមន៍ដោយ​ក្រុមហ៊ុន បៃតង របស់ឯកឧត្តមឧកញ៉ា ភូ ពុយ អគ្គនាយក្រុមហ៊ុន បៃតងកម្ពុជា និងធនាគាស្រូវ និង​សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា​ ដែលនៅទីតាំងក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរ​បេសកកម្ម​របស់​លោក​ឧកញ៉ា ​​​ខាង​លើនេះ គឺ​ដើម្បីជួយសម្រួល​តម្លៃស្រូវកុំអោយទាបជាង ១០៣៥ រៀល ក្នុងមួយគីឡូក្រាម សម្រាប់​ស្រូវគុណភាពលេខ១ ប្រភេទផ្ការំដួល។ ឧកញ៉ាប្រធានសហព័ន្ធស្រូវ​អង្ករ​កម្ពុជាបានលើកឡើងថា ក្រោម​ការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសេនាធិការក្នុងការជួយផ្តល់ឥណទាន ការជួយសម្របសម្រួល ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរដែនដី រោងម៉ាស៊ីនកិនស្រូវទាំងអស់ នឹង​​ខិតខំប្រមូលទិញស្រូវ​ឱ្យ​អស់លទ្ធភាព។

សូម​ជម្រាប​ជូន​ថា បញ្ហាតម្លៃស្រូវ​ធ្លាក់​ថ្លៃ នៅតាមតំបន់ខេត្តសក្តានុពល រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម ​​បាន​​ក្លាយ​ជា​ក្តី​កង្វល់​រួម​មួយ​របស់​ប្រជាពលរដ្ឋ ដោយ​​តម្លៃជារួមនៅលើទីផ្សារ លក់​បាន​តម្លៃ​ត្រឹម​ចន្លោះពី ៧៥០​រៀល-៨៥០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។

ទោះ​យ៉ាងណា ​​តាម​ការណែនាំ​​ពី​លោក ឌិត ទីណា រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ​​បាន​សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវ​គោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ​​ដោយក្នុងនោះ ១គីឡូក្រាម ​តម្លៃ​មិនក្រោម ១ ០៤០រៀល​នោះ​ទេ សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) ដែល​ធ្វើ​ឱ្យ​​ប្រជា​កសិករគ្រប់គោលដៅទាំងអស់ បានសាទរ​យ៉ាង​ខ្លាំង​ទៅនឹងការអនុវត្តថ្លៃគោលនេះ៕