អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនយក្សធំមួយនៅក្នុងស្រុកដែលបានក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាស្ទើរទាំងស្រុងជាមួយនឹងបុត្រសម្ព័ន្ធក្នុងពហុវិស័យ។
អ្នកឧកញ៉ា លាង ឃុន ជាមេធំ ជាអ្នកយុទ្ធសាស្រ្តប្រចាំក្រុមហ៊ុន ជីបម៉ុង គ្រុប ក៏ជាអ្នកកាទូតសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ឆ្នើមក្នុងចំណោមអ្នកកាទូសេដ្ឋកិច្ចសំខាន់នៅប្រទេសកម្ពុជា។ អ្នកឧកញ៉ា ទទួលបានការតែងតាំងគោរមងារជា «ឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៦/៤០៤ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៦ និងក្រោយមក ក៏ទទួលបានការផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/៩៤៧ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។
ការដែលទទួលគោរមងារ «អ្នកឧកញ៉ា» គឺនៅក្នុងបញ្ជីឈ្មោះជាមួយម្តាយបង្កើតរបស់លោក គឺលោកស្រី អ្នកឧកញ៉ា ភាព ហៀក និងប្អូនប្រុសបង្កើតម្នាក់ទៀត អ្នកឧកញ៉ា លាង ម៉េង។
ក្រៅពីការងារដឹកនាំក្រុមហ៊ុន ជីប ម៉ុង គ្រុប ហើយនោះ អ្នកឧកញ៉ា លាង ឃុន ក៏ត្រូវបានអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្រេចតែងតាំងជាឧត្តមទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផងដែរ៕