លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងភរិយា ទាង អេង បានប្រសូត្រកូនទី៣ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយមានឈ្មោះថា “សូរ្យកាន្ត” ខណៈដែលកូនប្រុសច្បងមានឈ្មោះថា “សង្ក្រាន្ត” និងកូនស្រីទី២ ឈ្មោះថា “កល្យាណី”។
លោកអភិបាលខេត្តសៀមរាប បានបង្ហោះរូបភាពនិងសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីម្សិលមិញថា៖ “សង្ក្រាន្ត និងកល្យាណី មានប្អូនហើយ។ សូរ្យកាន្ត បើកភ្នែកឃើញពន្លឺព្រះអាទិត្យ ជាលើកទីមួយនៃការចាប់ផ្តើមជីវិតរបស់គេ។ ពេលវេលាពិតជាដើរលឿនមែន មួយរំពេចសោះ រៀបការបាន៧ឆ្នាំបានកូន៣។ ល្មមសម្រាប់ខ្ញុំ និងអាចល្មមសម្រាប់ប្រពន្ធដែរ មិននឹកស្មានថា ខ្ញុំនិងប្រពន្ធអាចមានកូនដល់តែ៣បាន”។
លោក ទៀ សីហា បានលើកឡើងពីប្រវត្តិរបស់លោក ជាមួយនឹងកូនៗទាំង៣ដូចខាងក្រោម៖
កូនទី១ (សង្ក្រាន្ត) បានធ្វើឱ្យលោកយល់ពី ប៉ា និងម៉ាក់ច្រើន មិនថាការស្រឡាញ់ ការមើលថែ ព្រមទាំងក្តីបារម្ភពីកូនគ្រប់ពេល។ លោកប៉ាជាទាហាន រវល់សឹងតែរកពេលជួបកូនមិនបាន (ចាប់ពីការរំដោះរបបប្រល័យពូជសាសន៍រួច រហូតបន្តមានសង្គ្រាមសុីវិលក្នុងប្រទេសកម្ពុជា និងត្រូវការកសាងប្រទេសឡើងវិញ ចាប់ពីចំណុចសូន្យ លោកប៉ាមិនដែលមានពេលនោះទេ។
កូនទី២ (កល្យាណី) ដោយសារតែជំងឺកូវីដ-១៩ ធ្វើឱ្យលោកមិនអាចនៅក្បែរបាន តាំងពីកើតមក ជិត៦ខែបានអាចឱបថើបកូនបាន បារម្ភការឆ្លងកូវីដ និងមេរោគផ្សេងៗ។ ចំណុចនេះក៏នឹកដល់ប៉ារបស់លោកថែមទៀត ពេលត្រូវបំពេញបេសកកម្មឆ្ងាយពីគ្រួសារ ដើម្បីស្វែងរកសន្តិភាព ក៏ប៉ាត្រូវនៅឆ្ងាយពីកូនដែរ។
ដល់កូនទី៣ (សូរ្យកាន្ត) យើងមានសន្តិភាពគ្រប់គ្រាន់ កូនរបស់លោកមានសុខភាពល្អ ដៃជើងគ្រប់ មុខមាត់សង្ហារដូចឪពុក។
ទោះយ៉ាងណា ដោយសារលោកជាអភិបាលខេត្តសៀមរាប និងមានភារកិច្ចច្រើនត្រូវបំពេញ លោកនឹងវិលត្រឡប់ទៅបំពេញការងារនៅសាលាខេត្តសៀមរាបវិញ ជាមួយបងប្អូនមន្ត្រីរាជការគ្រប់ថ្នាក់ ទុកឱ្យប្រពន្ធ និងបងៗស្រី ជួយមើលកូនទាំង៣សិន។
គួរបញ្ជាក់ផងដែរថា លោក ទៀ សីហា កូនប្រុសបង្កើតសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងជាអភិបាលខេត្តសៀមរាប សម្រាប់អាណត្តិទី២បន្តក្នុងដែនសមត្ថកិច្ចដដែល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ទៀ សីហា ធ្លាប់ជាអតីតអភិបាលរងខេត្តសៀមរាប ជានាយទាហានជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិឧត្តមសេនីយ៍ទោ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវបានដំឡើងឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិវិញ៕