កម្ពុជា ត្រូវការថវិកា ៤០៦លានដុល្លារ ដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានមីន» នៅឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

តាម​ការ​ប៉ាន់ស្មាន កម្ពុជា​ត្រូវការ​ថវិកា​សរុប​ប្រមាណ ៤០៦​លាន​ដុល្លារ​អាមេរិក ​​ដើម្បី​​​គាំទ្រ​សកម្មភាព និង​សម្រេច​​បាន​គោលដៅ «កម្ពុជា​គ្មានមីន» ​​នៅ​ត្រឹម​ឆ្នាំ​២០២៥។ នេះ​បើ​តាម​​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផែនការ​យុទ្ធសាស្ត្រ​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ដើម្បីសម្រេចគោលបំណងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យ​អស់​ត្រឹម​​ឆ្នាំ​២០២៥ ​​កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ៣៥៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ការ​បោស​សម្អាត​រំដោះ​ផ្ទៃដី និង​ថវិកា​ប្រមាណ ០,៦​លាន​ដុល្លារ​អាមេរិក សម្រាប់​ស្រាវជ្រាវ​ចម្ការមីនមូលដ្ឋាន ព្រម​ទាំង ៥២​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការ​អប់រំ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មីន និង​កិច្ច​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ការ​ស្វែងរក​ការ​គាំទ្រ​មតិ និង​ការ​គ្រប់​គ្រង​វិស័យ​សកម្មភាព​មីន។

លោក​ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះជនពិការដោយសារមីន ក្នុងពេលបើកសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញ បានលើកឡើងថា ផ្ទៃដីប្រមាណ ២,៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបាន​បោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់​បញ្ចូល​ទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបាន​ប្រែក្លាយ ដីមីន ទៅជាដីមាស។

បើតាមលោក លី ធុជ គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិ​ផ្ទុះពី​សង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និង​សំណល់​ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។

សូម​ជម្រាប​ថា ក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិ ខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា ​​កាល​ពី​ព្រឹក​មិញ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​​បានថ្លែងថា ក្នុងជំនួបជាមួយប្រទេសអញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅនេះ សម្តេចបានស្នើឱ្យ​​​មានការជួយ​បោសសំអាតមីន​នៅកម្ពុជា។ សម្តេច​បន្ត​ថា ថវិកាសប្បុរសជនប្រមាណ ១០លានដុល្លារ ត្រូវបានប្រើប្រាស់បោសសំអាតមីន នៅសល់ប្រមាណ ៨លានដុល្លារទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏​បន្តអំពាវនាវដល់សប្បុរសជន ចូលរួម​ឧបត្ថម្ភ​ដល់ថវិកា សម្រាប់សកម្មភាពបោសសំអាតមីន៕