ថ្មីៗនេះ ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah បានប្រកាសថា នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែព្រះអង្គមិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីពេលវេលា សម្រាប់ការសម្រេចចិត្តរបស់ទ្រង់នៅឡើយនោះទេ ក្រោយកើតមានវិបត្តិនយោបាយ ដោយសារតែការបោះឆ្នោតកំពុងបន្តជាប់គាំង។ នេះបើយោងតាមការចុះផ្សាយពី AAP។
ម៉ាឡេស៊ី កំពុងប្រឈមមុខជាមួយនឹងការព្យួសភា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយសារតែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនមានគណបក្សនយោបាយណាមួយ ឈ្នះសំឡេងឆ្នោតភាគច្រើននោះឡើយ។
គួរឱ្យដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីសំខាន់ពីររូប គឺមេដឹកនាំបក្សប្រឆាំងលោក Anwar Ibrahim និងអតីតនាយករដ្ឋមន្ត្រី លោក Muhyiddin Yassin សុទ្ធសឹងតែមិនទទួលបានសំឡេងឆ្នោតភាគច្រើន ដែលត្រូវការ ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាននោះឡើយ ។
ទន្ទឹមនឹងនេះ បក្សសម្ព័ន្ធ Barisan Nasional ដែលកំពុងកាន់អំណាច បាននិយាយថា ខ្លួនក៏នឹងមិនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីទាំងពីររូបនេះនោះឡើយ ខណ:ជាមូលហេតុធំមួយ ដែលរារាំង លោក Anwar និង Muhyiddin ពីការឈានដល់សំឡេងឆ្នោតភាគច្រើន។
ហើយ ឥឡូវនេះ វានឹងអាស្រ័យលើព្រះមហាក្សត្រប៉ុណ្ណោះ ដែលដើរតួយ៉ាងសំខាន់ ដើម្បីចាត់តាំងអ្នកណា ដែលទ្រង់ជឿជាក់ថានឹងសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ។
លើសពីនេះ ព្រះមហាក្សត្រ Al-Sultan បានមានព្រះរាជបន្ទូលប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅវិមានជាតិ កាលពីថ្ងៃអង្គារថា សូមឱ្យទ្រង់ធ្វើជាអ្នកធ្វើការសម្រេចចិត្តលើរឿងនេះ នៅក្នុងពេលឆាប់ៗខាងមុខ ខណ:ព្រះអង្គក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ី ព្រមទទួលយកការសម្រេចចិត្តណាមួយ អំពីការបង្កើតរដ្ឋាភិបាលថ្មី នាពេលខាងមុខនេះផងដែរ ៕