នៅព្រលប់ថ្ងៃអង្គារនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះសារដ៏មានអត្ថន័យជ្រាលជ្រៅមួយ មានចំណងជើងថា «មនុស្សដែលមានអត្តចរិតដូចគ្នា តែងចំណាយពេលនៅជាមួយគ្នា» ហើយលោកបានប្រៀបធៀបថា មនុស្សមិនខុសពីសត្វបក្សីនោះទេ រឿងដែលសំខាន់គឺចេះជ្រើសរើសមនុស្សដែលយើងចំណាយពេលជាមួយឱ្យបានត្រឹមត្រូវ នោះនឹងធ្វើឱ្យជីវិតរបស់យើង មានភាពរីកចម្រើន។
អ្នកឧកញ៉ា បានបន្ថែមខ្លឹមសារលើទំព័រហ្វេសប៊ុកថា «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វស្លាបបង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាសរស់រានមានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់។
មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ ក្នុងការរស់នៅនោះ វាជារឿងសំខាន់ក្នុងការជ្រើសរើសមនុស្សដែលអ្នកនឹងចំណាយពេលជាមួយ ពីព្រោះ «ពេលវេលា» ដែលអ្នកចំណាយ និង «មនុស្ស» ដែលអ្នកនៅជាមួយ នឹងធ្វើឲ្យចរិតលក្ខណៈ លំនឹងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក បានល្អប្រសើរ ព្រមទាំងអាចបង្កើនចំណេះដឹងរបស់អ្នកផងដែរ។
សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយមនុស្សដែលពោរពេញដោយក្តីសុបិន អ្នកពូកែធ្វើ អ្នកជឿ និងអ្នកគិត។ ជាពិសេសទៅទៀតនោះ សូមជ្រើសរើសអ្នកដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះបីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ។ សូមជ្រើសរើសនៅជាមួយក្រុមមនុស្សដែលបង្រៀនអ្នកឱ្យអភិវឌ្ឍខ្លួនទ្បើង បំផុសគំនិតអ្នកឱ្យសម្រេចបានរឿងសំខាន់ៗ បើកឱកាស និងសក្តានុពលដ៏ធំដែលអ្នកមាន។
វាមិនមែនជាបញ្ហាទេក្នុងការជ្រើសរើសមនុស្សដែលអ្នកត្រូវរក្សាឱ្យនៅជុំវិញអ្នក ដែលជាមនុស្សស្មោះត្រង់ជាមួយអ្នក គាំទ្រសេចក្តីចម្រើនរបស់អ្នកដោយពាក្យពិត និងផ្តល់ចំណេះដឹងដែលមានប្រយោជន៍ដល់អ្នក។ ក្នុងករណីមួយដែលអ្នកមិនអាចរកឃើញមនុស្សដែលអ្នកគិតថាល្អសម្រាប់អ្នក អ្នកអាចជ្រើសរើសឯករាជ្យភាព និងធ្វើជាម្ចាស់ខ្លួនឯង ជាជាងចំណាយពេលនិងកម្លាំងនៅជាមួយមនុស្សដែលមិនធ្វើឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា ដូចសម្រង់សម្តីមួយ ដែលលោកគាំទ្រនោះគឺ «ប្រសិនបើយើងចង់កំណត់អត្តចរិតរបស់នរណាម្នាក់ យើងត្រូវពិនិត្យមើលមិត្តភ័ក្តិ ដែលគាត់អង្គុយជាមួយ»។ សូមចងចាំថា អ្នកអាចទាក់ទាញនូវអ្វីដែលនៅជុំវិញអ្នកបាន។ មនុស្សដែលអ្នកនៅជាមួយមានឥទ្ធិពលយ៉ាងធំលើស្ថានភាពអ្នក។ សូមអ្នកជ្រើសរើសតែមនុស្សដែលធ្វើឱ្យអ្នកកាន់តែល្អប្រសើរទ្បើង៕