អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច និងជាម្ចាស់សណ្ឋាគារ សុខា បានបោះទុនប្រមាណ ៥លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការដាំបន្លែជាង ៣០មុខ ដែលជាប្រភេទបន្លែផ្តោតលើគុណភាពខ្ពស់ នៅលើភ្នំបូកគោ។
អ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន សុខា គ្រុប បានថ្លែងឱ្យដឹងថា ចាប់ពីឆ្នាំ២០១៧មក ក្រុមហ៊ុនបានកែប្រែការដាំបន្លែជាលក្ខណៈ Hydroponic Farm ដែលជាការដាំនៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា ខណៈដែលកាលឆ្នាំ២០១២ ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូកគោនេះ ដោយដាំតែនៅលើដីប៉ុណ្ណោះ។
“បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ព្រោះវាមិនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតនោះទេ ហើយយើងប្រើប្រាស់តែជីសរីរាង្គប៉ុណ្ណោះ។ បន្លែដែលដាំនៅកសិដ្ឋាននេះ មានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពអ្នកបរិភោគ ព្រោះវាជាបន្លែដែលដាំនៅទីតាំងពិសេស មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រោះវាស្ថិតនៅលើភ្នំមានកំពស់រហូតដល់ ១០៧៥ម៉ែត្រ”។ អ្នកនាង ចាន់រ៉ា បានបន្ថែម។
អ្នកនាងបន្តថា បន្លែដែលដាំនៅកសិដ្ឋានធម្មជាតិលើភ្នំបូកគោ មានចំនួនជាង៣០ប្រភេទ ក្នុងនោះរាប់ត្រួសៗមានដូចជា៖ ម្រះ ននោងជ្រុង ននោងបារាំងខៀវ ផ្ទីដូង ដំឡូងឈាមមាន់ ប៉េងប៉ោះឈើរី ល្ហុងខ្ចី ស្ពៃខៀវ ឆៃថាវ សាឡាដ គល់ស្លឹកគ្រៃ ប៉េងប៉ោះក្រហម ម្ទេសប្លោកក្រហម ត្រប់ស្រួយ ត្រប់ពុតលំញង ការ៉ុត ម្ទេសប្លោកវែងខៀវ ស្ពៃតឿ ត្រឡាច ស្ពៃក្តោប សណ្តែកបារាំង ដើមខាត់ណា ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ត្រកួន ជីអង្កាម -ល-។
សូមជម្រាបជូនថា បើតាមអ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់និងទីផ្សារ បន្លែដែលដាំនៅកសិដ្ឋាននេះ គឺប្រើប្រាស់សម្រាប់ចែកចាយនៅតាមសណ្ឋាគារទាំង៧ របស់ក្រុមហ៊ុនសុខាអូតែល និងចែកចាយទៅកាន់អតិថិជនបានប្រមាណ៨០ភាគរយ។ អតិថិជនក៏អាចរកទិញបន្លែទាំងនេះបាន នៅតាមផ្សារទំនើបធំៗមួយចំនួន និងម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវក្រមួន “ស” ខាងជើងផ្សារធំថ្មី រាជធានីភ្នំពេញផងដែរ៕