នៅមួយរយ:ពេលចុងក្រោយនេះ ក្រុមហ៊ុនធំៗរបស់រុស្ស៊ីជាច្រើន បាននិងកំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយ ដើម្បីងាកទៅជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិនវិញ បន្ទាប់ពីបណ្តាប្រទេសនៅលោកខាងលិច បានដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពាន ទៅលើអ៊ុយក្រែន ។
ហើយយ៉ាងណាមិញ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញ Ozon Holdings គ្រោងនឹងបើកការិយាល័យដំបូងរបស់ខ្លួន នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដើម្បីជំរុញដល់ការលក់ទំនិញ ទៅកាន់ប្រជាជន នៅក្នុងប្រទេសរុស្ស៊ី លើវេទិការអនឡាញរបស់ខ្លួន។
ប្រភពដដែលនេះ បានអះអាងទៀតថា ក្រុមហ៊ុន Ozon ក៏បានធ្វើការផ្លាស់ប្តូរស្រដៀងគ្នានេះ នៅក្នុងប្រទេសតួកគីផងដែរ នៅពេលដែលសេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងព្យាយាមងាកចេញពីទីផ្សារក្នុងប្រទេសលោកខាងលិច និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ជាមួយប្រទេសធំៗផ្សេងទៀត ដូចជាចិន តួកគី និងអ៊ីរ៉ង់ ជំនួសវិញ ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ozon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះ ក្រុមហ៊ុនរបស់ខ្លួន មានអ្នកលក់ជាជនជាតិចិន ចំនួន ១០ ០០០ នាក់រួចទៅហើយ ដើម្បីអាចផ្តល់ជូនទំនិញ ទៅកាន់អតិថិជនរុស្ស៊ី នៅលើទីផ្សារអនឡាញរបស់ខ្លួន។ តែយ៉ាងណាក៏ដោយ ក្រុមហ៊ុន មិនបានបញ្ជាក់ថា តើការិយាល័យដំបូងរបស់ខ្លួន នៅចិន នឹងដាក់ដំណើរការពេញលេញ នៅពេលណានោះឡើយ។
លើសពីនេះ Ozon បានបង្ហាញទៀតថា ផលិតផលចិន មានតម្រូវការខ្ពស់ នៅក្នុងប្រទេសរុស្ស៊ី ហើយការបញ្ជាទិញដ៏ពេញនិយមបំផុតសម្រាប់អតិថិជនរុស្ស៊ី ពីប្រទេសចិន មានដូចជាគ្រឿងអេឡិចត្រូនិក ស្មាតហ្វូន កុំព្យូទ័រយួរដៃ គ្រឿងបន្លាស់កុំព្យូទ័រ ក៏ដូចជាឧបករណ៍តូចៗ និងសំលៀកបំពាក់ជាដើម ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Ozon បានធ្វើការរាយការណ៍ពីការកើនឡើងប្រាក់ចំណូលសរុបរបស់ខ្លួន នៅត្រីមាសទីបី រហូតដល់ ៤៨% ក្នុងទំហំទឹកប្រាក់ប្រមាណ ៦១,៥ ពាន់លានរូបល (ប្រហែលជាង ១ ពាន់លានដុល្លារ) ឯណោះ ៕