លោក ឌិត ទីណា ថា ការងារកសិកម្មមានភាពស្មុគស្មាញទាំងការផលិត និងទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីភាពលំបាកសម្រាប់ការងារក្នុងវិស័យកសិកម្មថាពិតជាមានភាពស្មុគស្មាញទាំងការផលិត និងការនាំចេញទៅកាន់ទីផ្សារ។ លោកថា ក្រសួងនឹងប្រើវិធីសាស្ត្រដើម្បីធានាដល់និរន្តរភាព ស្ថេរភាពទីផ្សារ និងធ្វើកំណែទំរង់វិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារលើវិស័យកសិកម្ម ជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើងថា ការងារកសិកម្ម គឺមានភាពស្មុគស្មាញទាំងការផលិត និងការលក់ចេញទៅកាន់ទីផ្សារ ហើយដើម្បីជួយដល់ប្រជាកសិករ គ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាប្រើវិធានការសរុប មធ្យោយបាយក្នុងការដោះស្រាយបញ្ហាបណ្តោះអាសន្ន។

ការណ៍នេះ លោកថា ក្រសួងនឹងប្រើវិធីសាស្ត្រផ្សេងទៀតដើម្បីធានាដល់និរន្តរភាព ឬស្ថិរភាពទីផ្សារ នោះគឺ ការធ្វើកំណែទម្រង់នៅក្នុងវិស័យកសិកម្មទាំងមូល ហើយក្នុងនោះក៏ត្រូវឱ្យមានការចូលរួមសហការគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្ម នៅថ្ងៃទី១៧ ខែតុលានេះ លោក ឌិត ទីណា ដែលធ្លាប់ជា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងថា លោក និងមន្រ្តីក្រោមឱវាទ ប្ដេជ្ញាបំពេញការងារ ដោយបន្តអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈម និងទីផ្សារជូនកសិករ។

ទន្ទឹមនឹងនេះលោកក៏បន្តលើកឡើងពីគោលនយោបាយដឹកនាំកសិកម្មមួយចំនួន ដែលផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈម និងបើកទីផ្សារជូនកសិករ។ ក្រសួងកសិកម្ម នឹងធ្វើយ៉ាងណាប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ។

លោក ឌិត ទីណា បញ្ជាក់ក្នុងសន្និសីទព័ត៌មានថា វិស័យកសិកម្មនឹងត្រូវបានធ្វើឱ្យប្រសើរជាងមុនប្រសិនបើមាន កិច្ចសហការល្អរវាងស្ថាប័នរដ្ឋ និង ភាគីពាក់ព័ន្ធក្នុងវិស័យនេះលើកិច្ចការសំខាន់ ៗ មួយចំនួនដែលរួមមានការ ស្វែងយល់ពីទីផ្សារកសិកម្ម និង តម្រូវការសម្រាប់ផលិតផលកសិកម្មជាដើម ៕