ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signature of Asia Co Ltd បានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤ ជំនួសលោកឧកញ៉ា សុង សារ៉ន ដែលបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។
ពិធីសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាលទ្ធផលបោះឆ្នោតបានសម្រេចដូចតទៅ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ បានទៅលើ ឧកញ៉ា ចាន់ សុឃាំង ដែលជាអតីតអនុប្រធានសហព័ន្ធ ទទួលបានសំឡេង ១២៨សម្លេង។ ចំណែកឯប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទៅលើ ឧកញ៉ា សុង សារ៉ន បានសំឡេង ២៤ លើ ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់។ លោកឧកញ៉ា សុង សារ៉ន នឹងឡើងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ជំនួសលោកឧកញ៉ា ហ៊ុន ឡាក់។
សូមជម្រាបជូនថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្រោមកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ៩ឆ្នាំ មកហើយ៕