កាលពីថ្ងៃទី ២៤ វិច្ឆិកា ២០២២ ក្រុមហ៊ុន Foxconn បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីមានករណីបាតុកម្មភ្លូកទឹកភ្លូកដី ដោយសារក្រុមបុគ្គលិកប្រឆាំងនឹងគោលការណ៍ការងារលើសម៉ោង។
យោងតាមការចុះផ្សាយពី Nasdaq បានឲ្យដឹងថា ក្រុមបុគ្គលិកនៃរោងចក្រ Foxconn នៅទីក្រុង Zhengzhou ប្រទេសចិន បានចេញធ្វើបាតុកម្មខ្នាតធំ បន្ទាប់ពីពួកគេខឹងសម្បារជាមួយក្រុមហ៊ុន ក្នុងការបើកប្រាក់ខែយឺតយ៉ាវ ចំពេលក្រុមហ៊ុនមិនអនុញ្ញាតឲ្យពួកគេចេញពីរោងចក្រ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩។
បន្ថែមពីនោះ ក្រុមបុគ្គលិកបានអះអាងថា ពួកគេចេញបាតុកម្ម ដោយសារទទួលបានដំណឹងថា ក្រុមហ៊ុនចង់ពន្យារពេលបើកប្រាក់បន្ថែម និងតម្រូវឲ្យពួកគេស្នាក់នៅបន្ទប់ជាមួយបុគ្គលដែលធ្វើតេស្តរកឃើញជំងឺកូវីដ ១៩ ព្រោះតែចំនួនបុគ្គលិកមានច្រើនពេក ពិបាកបែងចែកបន្ទប់ស្នាក់នៅ។
បន្ទាប់ពីផ្ទុះបាតុកម្មនោះភ្លាម ក្រុមហ៊ុនចេញមុខដោះស្រាយភ្លាមៗ ដោយអះអាងថា នឹងចរចាជាមួយបុគ្គលិកឯទៀត ដើម្បីអាចរកដំណោះស្រាយល្អទាំងសងខាង ខណៈលក្ខខណ្ឌប្រាក់ខែដែលបានចរចាពីមុន នឹងនៅតែទទួលបានដូចដើម។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ បុគ្គលិករាប់ពាន់នាក់នៅរោងចក្រ Foxconn ទីក្រុង Zhengzhou បានរត់ចេញពីកន្លែងធ្វើការ ក្រោយពួកគេបារម្ភពីការស្នាក់នៅ បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ នៅទីនោះ៕