ក្រុមហ៊ុនផលិតកុំព្យូទ័រ Hewlett Packard ឬហៅកាត់ HP ថ្មីៗនេះ បានធ្វើការប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិករហូតដល់ទៅ ៦ ០០០ នាក់ ក្នុងរយ:ពេល ៣ ឆ្នាំខាងមុខ នៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក បានទាញទម្លាក់វិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកទៅជាមួយផងដែរ ។
ក្រុមហ៊ុន HP ដែលកំពុងផ្តល់ប្រាក់ខែទៅឱ្យបុគ្គលិកប្រហែល ៦១ ០០០ នាក់ បាននិយាយថា ខ្លួនមានគោលបំណងចង់ធានាបាន នូវការសន្សំសំចៃប្រចាំឆ្នាំឱ្យបាន ១,៤ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ ជាពិសេសនៅពេលដែលក្រុមហ៊ុនអាមេរិកមួយនេះ បានព្យាយាមដើរតាមគន្លងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀតដូចជា Meta , Amazon និង Twitter ដើម្បីកាត់បន្ថយការចំណាយ ។
លោក Enique Lores នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HP បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ផែនការនៃការកាត់បន្ថយបុគ្គលិកនេះ គឺធ្វើអាចឱ្យយើងបម្រើអតិថិជនកាន់តែប្រសើ និងជំរុញដល់ការបង្កើតតម្លៃការងាររយ:ពេលវែង ជាមួយនឹងកាត់បន្ថយការចំណាយ ហើយក៏អាចធ្វើឱ្យយើង ធ្វើការវិនិយោគឡើងវិញ ក្នុងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអាចដាក់ទីតាំងអាជីវកម្មរបស់យើង សម្រាប់ពេលអនាគត ” ។
HP ដែលជាក្រុមហ៊ុនផលិត Hardware កុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ព បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកនេះ បន្ទាប់ពីប្រាក់ចំណូលរបស់ខ្លួន បានធ្លាក់ចុះ ១១,២% មកត្រឹមចំនួន ១៤,៨ ពាន់លានដុល្លារ សម្រាប់ត្រីមាសចុងក្រោយ នៅឆ្នាំ ២០២២នេះ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Meta បាននិយាយកាលពីដើមខែនេះថា ខ្លួននឹងបញ្ឈប់បុគ្គលិកជាង ១១ ០០០ នាក់ ស្របពេលក្រុមហ៊ុន Twitter វិញ បានបណ្តេញចេញបុគ្គលិកពាក់កណ្តាល នៃចំនួនបុគ្គលិកសរុប ៧ ៥០០ នាក់ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមហាសេដ្ឋី Elon Musk ចូលកាន់កាប់ នៅចុងខែតុលា ៕