ជាដំណឹងល្អ! នៅទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុន BYD Auto Industry បានសម្រេចបណ្ដាក់ទុនវិនិយោគដ៏សន្ធឹកសន្ធាប់លើវិស័យយានយន្តអគ្គិសនី ដោយការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍នានាដូចមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវ ផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
លោក Henry Yip បានថ្លែងអំណរគុណទៅកាន់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនជួបពិភាក្សាការងារ និងធ្វើបទបង្ហាញពីសវតារបស់ក្រុមហ៊ុន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុននេះ ក៏បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។
ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត៕