កាលពីពេលថ្មីៗនេះ ក្រុមប្រជាជនឥណ្ឌារាប់រយនាក់បានចេញធ្វើបាតុកម្ម ប្រឆាំងជាមួយនឹងគម្រោងការណ៍ខ្នាតយក្សរបស់ក្រុមហ៊ុន Adani Group នៅកំពង់ផែ Kerala ខណៈអ្នកចូលរួមបាតុកម្មមួយភាគធំជា អ្នកនេសាទ។
យោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យកើតមានហេតុការណ៍បែបនេះ ដោយសារប្រជាជននៅតំបន់នោះយល់ឃើញថា គ្រោងការណ៍សាងសង់កំពង់ផែតម្លៃប្រហែល ៩០០ លានដុល្លាររបស់ Adani Group អាចធ្វើប៉ះពាល់ដល់សហគមន៍ដែលពួកគេកំពង់រស់នៅ។
យ៉ាងណា បាតុកម្មនេះមិនមែនទើបតែចាប់ផ្ដើមឡើយ ពោលគឺវាបានកើតឡើងតាំងពីជាង ១០០ ថ្ងៃមុនម៉្លេះ ប៉ុន្តែវាទើបនឹងផ្ទុះខ្លាំង រហូតបង្កជាអំពើហិង្សាកាលពីពេលថ្មីៗនេះប៉ុណ្ណោះ និងបានបណ្ដាលឲ្យសមត្ថកិច្ចប្រមាណ ៣៦ នាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើ។
សូមជម្រាបដែរថា បុគ្គលិកជាន់ខ្ពស់នៅក្រុមហ៊ុន Adani បានបង្ហើបប្រាប់ BBC ថា ក្រុមហ៊ុនទទួលការខាតបង់ប្រមាណជិត ១០ លានដុល្លារ ដោយសារការធ្វើបាតុកម្មរបស់ប្រជាជនប្រមាណ ១០៤ ថ្ងៃ និងធ្វើឲ្យរាំងស្ទះដល់ការធ្វើអាជីវកម្មតាមកំពង់ផែមួយនេះ៕