មួយថ្ងៃក្រោយជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយផ្ទាល់លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា លោក យ៉ង សាំងកុមារ និងរដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ពិភាក្សាអស់រយ:ពេលប្រមាណ ២ម៉ោង នាភូមិគ្រឹះនៃទីក្រុងតាខ្មៅខេត្តកណ្តាល។ ក្រោយកិច្ចប្រជុំនេះ លោក យ៉ង សាំងកុមារ បានប្រកាសតាមហ្វេសប៊ុកថា «ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។
លោក យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានឪពុកជាគ្រូបង្រៀន ចំណែកឯអ្នកម្តាយជាកសិករ។
មានវ័យ ៥៦ឆ្នាំ លោក យ៉ង សាំងកុមារ អតីតសហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
ទាក់ទងការសិក្សា លោកបានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិក នៃប្រទេសអាល្លឺមង់ នៅក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ។ ក្រៅពីភាសាកំណើត បណ្ឌិត យ៉ង សាំងកុមារ ចេះ និងអាចនិយាយដល់ទៅ៣ភាសាឯណោះ គឺ ភាសាអង់គ្លេស អាល្លឺម៉ង់ និងបារាំង។
ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ទទួលពានរង្វាន់ Ramon Magsaysay Award ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់, អាហារូបករណ៍ Friedrich Neumann អាល្លឺម៉ង ជាដើម។
ខាងក្រោមនេះ ប្រវត្តិការងារសំខាន់ៗរបស់លោក យ៉ង សាំងកុមារ មានដូចជា៖
• សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ១៩៩៥-២០០៣
• បម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET) ពីឆ្នាំ១៩៩៥-១៩៩៧
• ស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក (CEDAC) ពីឆ្នាំ១៩៩៧-២០១៥
• អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ២០១០-២០១៦
• ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករសេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ
• សហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។
មុនទទួលការតែងតាំងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកធ្លាប់បំពេញការងារជាទីប្រឹក្សាកសិកម្មសរីរាង្គ និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕