អង្គការយូណេស្កូ សម្រេចដាក់ «គុន​ល្បុក្កតោ» ក្នុងបញ្ជីសម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌ពិភព​លោក

កម្សាន្ត

គុនល្បុក្កតោ ត្រូវបានគោះញញួរសម្រេចចុះបញ្ជីបេតិកភណ្ឌ​អរូបី​ននៃមនុស្សជាតិ របស់អង្គការយូណេស្កូជាផ្លូវការ ដែលធ្វើឡើងក្នុងកិច្ចប្រជុំលេីកទី​ ១៧​ គណកម្មាការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុង Rabat ប្រទេសម៉ារ៉ុក។ នេះបើតាមលោកស្រី ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់ថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អស់រ​យៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ​ដែល​កម្ពុជាបានប្រឹង​ប្រែងស្នើ​សុំ​​​​ដាក់​បញ្ចូល«គុន​ល្បុក្កតោ» ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌ពិភព​លោក របស់​អង្គការ​យូណេស្កូ (UNESCO) ចំនួន ២ លើករួចមកហើយ ដោយលើកទី ៣ ទើបសម្រេចជោគជ័យ។ ល្បុក្កតោគឺជាសិល្បៈនៃការប្រយុទ្ធមួយប្រភេទដែលជនជាតិខ្មែរសម័យបុរាណបានបង្កើតឡើងដើម្បីការពារខ្លួននិងប្រយុទ្ធតតាំងជាមួយនឹងសត្វសាហាវជាដើម។

គួររំលឹកថា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ ក៏​ធ្លាប់​មាន​ព្រះរាជ​បន្ទូល ស្នើឱ្យ​អង្គការ​យូណេ​ស្កូ ដាក់​បញ្ចូល​ «គុន​ល្បុក្ក​តោ ក្បាច់​គុន​បុរាណ​ខ្មែរ» និង «រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​កោះ​កេរ» ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌវប្បធម៌​ពិភព​លោក​ របស់​​អង្គការ​យូណេ​ស្កូ ផង​ដែរ​។ ព្រះរាជ​ឱង្ការ​របស់​ព្រះ​ករុណា ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រះរាជ​សវនការ (សំណេះ​សំណាល) ​ជាមួយ​លោក​ស្រី AUDREY AZOULAY អគ្គនា​យិកា​អង្គការ​យូ​ណេស្កូ កាល​ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

បន្ថែមពីការខិតខំប្រឹងប្រែងដាក់ «គុនល្បុក្កតោ» ទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ នេះ កម្ពុជាក៏បាននិងកំពុងប្រឹងប្រែង ពង្រីកវិសាលភាពរបស់កីឡាគុនល្បុក្កតោ ទៅលើឆាកអន្តរជាតិ ផងដែរ ហើយជាមួយនឹងការប្រឹងប្រែងនេះ កម្ពុជា បានទទួលជោគជ័យ ជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដោយតំណាងប្រទេស នៅក្នុងតំបន់អាស៊ាន បានគាំទ្រកម្ពុជាពេញទំហឹង ក្នុងការដាក់ប្រភេទកីឡាប្រពៃណីគុនល្បុក្កតោកម្ពុជា ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូងនៅឆ្នាំ ២០២៣៕