អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច និងជាម្ចាស់សណ្ឋាគារ សុខា បានបោះទុនប្រមាណ ២លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដោយប្រើបច្ចេកវិទ្យាទំនើបផលិតចេញពីទឹកភ្លៀងធម្មជាតិនៅលើភ្នំបូកគោតែម្តង និងមិនមានសារធាតុគីមីនោះទេ។
ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» ជាតំបន់ដែលមានសក្តានុពលបែបធនធានធម្មជាតិ និងប្រវត្តិសាស្ត្រ។ ជាពិសេស នៅលើភ្នំពេញនេះ មានអំណោយផលល្អសម្រាប់វិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងការវិនិយោគនានា។ យ៉ាងណាមិញ នៅលើភ្នំបូកគោ ក៏មានបឹងធម្មជាតិដ៏ធំមួយ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប។ បឹងធម្មជាតិលើភ្នំបូកគោ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ហើយបានមកពីទឹកភ្លៀងធម្មជាតិយ៉ាងថ្លាល្អ។
លោក នុត សេងហុង ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន សុខា គ្រុប បានថ្លែងឱ្យដឹងថា៖ “ប្រសិនបើទឹកដែលផលិតចេញពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកផលិតចេញពីទឹកភ្លៀងធម្មជាតិ ដែលមិនមានសារធាតុគីមីនោះទេ”។
លោក សេងហុង បានបញ្ជាក់បន្ថែមថា ទឹកពិសាឋានសួគ៌បូកគោ ត្រូវបានទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពឡើយ ហើយកាន់តែពិសេសគឺវាមាន PH8. អាចជួយសរីរាង្គ ដោយសារមានជាតិកាល់ស្យូម អាល់កាឡាំង បន្សាបជាតិអាស៊ីត ជំនួយថ្លើម ផ្តល់ភាពរឹងមាំ ធ្វើឱ្យមានសុខភាពល្អ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបូកគោហ្វាម បានបង្កើតរោងចក្រផលិតទឹកសុទ្ធ “ឋានសួគ៌បូកគោ” តាំងពីឆ្នាំ ២០១៧មក ដោយបច្ចុប្បន្នការផលិតមានចំណុះផ្សេងៗគ្នាតាមតម្រូវការដូចជា ចំណុះ ៣៣០មីលីលីត្រ ៥០០មីលីលីត្រ ១,៥លីត្រ និងប្រភេទកាដុងធំ ២០លីត្រ។ ទឹកពិសាបរិសុទ្ធសុទ្ធ “ឋានសួគ៌បូកគោ” ផលិតឡើង ដើម្បីផ្គត់ផ្គង់សណ្ឋាគារសុខាទាំង ៧ទីតាំង និងតាមការ៉ាសាំងសូគីម៉ិចនិងម៉ាត ចែកចាយនៅតាមផ្សារទំនើបនានា ព្រមទាំងការទិញពីប្រជាពលរដ្ឋទូទៅ ទុកពិសាក្នុងគ្រួសារជាច្រើនផងដែរ៕