ថៅកែគ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទើរ ឃែរ លើកទឹកចិត្តឱ្យសហគ្រិនស្ត្រីក្រោកឈរដើរទៅ​រក​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា

សង្គម​ និង​សេដ្ឋកិច្ច

លោក​ស្រី អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តី នៅកម្ពុជា ជា​សហ​ស្ថាបនិក និង​អតីតប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា អាណត្តិទី៣ ដែលមាន​ទស្សនវិស័យ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ស្ត្រី​សហគ្រិន​តែងតែ​ជួប​ប្រទះ ដើម្បី​ឲ្យ​ស្ត្រី​កាន់តែ​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន សហគមន៍ និង​សេដ្ឋកិច្ច​ជាតិ​បាន​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ទន្តពេទ្យ នៅ​ឆ្នាំ​១៩៩៣ លោកស្រី​បាន​បង្កើត​អាជីវកម្ម​ព្យាបាល​ធ្មេញ គឺ​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទើរ ឃែរ (Master Care) ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក​ស្រី​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ធ្វើ​ជំនួញ និង​អាជីវកម្ម​ជា​យូរ​ឆ្នាំ​មក​ហើយ​ តាម​រយៈ​ការ​គ្រប់គ្រង​គ្លីនិក​ព្យាបាល​ធ្មេញ​នេះ និង​អាជីវកម្ម​ផ្សេងៗ​ទៀត។

លោកស្រី ជាអតីតដំណាងក្រុមប្រឹក្សាគណៈទន្តពេទ្យរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០០៦ រយៈពេល ៦ឆ្នាំ។ ក៏ធ្លាប់ធ្វើប្រធានបណ្តាញសហគ្រិនស្ត្រីអាស៑ាននៅកម្ពុជា ក្នុងឆ្នាំ២០២០។

ក្នុងអាជីពជាទន្តបណ្ឌិតដ៏ឆ្នើម និងបានដឹកនាំសហគ្រិនស្រ្តីជាច្រើនឱ្យសម្រេចគោលដៅចូលរួមក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច លោកស្រីក៏ទទួលបានពានរង្វាន់ សហគ្រិនស្ត្រីអាស៊ាន ឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន។

​លោកស្រី​វេជ្ជបណ្ឌិត​ អេ​ង​ លី​គង់​ ជារឿយៗតែងតែលើកទឹកចិត្ដ​ដល់​ស្ដ្រី​គ្រប់​រូប​ ឲ្យ​ក្រោកឈរ​ឡើង​ ហើយ​ដើរទៅ​រក​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​ ដោយ​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​។​ លោកស្រី​ថា​ សម័យ​ថ្មី​ ស្ដ្រី​មិន​គួរ​យក​ផ្នត់គំនិត​ចាស់​មក​ចាក់សោរ​ខ្លួនឯង​ឲ្យ​ដាច់​ឆ្ងាយ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឡើយ​៕