ក្រសួងសាធារណការរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីដើមសប្តាហ៍នេះ បានធ្វើការស្នើសុំថវិកាវិនិយោគបន្ថែមចំនួន ១២,៧ ទ្រីលានរូពី (៨០៧,៦៨ លានដុល្លារ) ក្នុងរយ:ពេល ២ ឆ្នាំខាងមុខ ដើម្បីពន្លឿនដល់ការសាងសង់រដ្ឋធានីថ្មីរបស់ខ្លួន នៅលើកោះ Borneo ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។
ប្រសិនបើការស្នើសុំនេះ ត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុនោះ ការវិនិយោគសរុបដែលបានគ្រោងទុករបស់រដ្ឋាភិបាល ក្នុងការសាងសង់រដ្ឋធានីថ្មី ឈ្មោះថា Nusantara នឹងកើនឡើង ៣០% ដល់ចំនួនទឹកប្រាក់ ៥៥,៧ ទ្រីលានរូពី ឬប្រហែល ៣,៥ ពាន់លានដុល្លារ ។
គួរឱ្យដឹងថា កាលពីមុន រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងធ្វើការចំនាយទឹកប្រាក់ចំនួន ៤៣ ទ្រីលានរូពីប៉ុណ្ណោះ នៅចន្លោះឆ្នាំ ២០២២ ដល់ ២០២៤ ដែលជាផ្នែកមួយនៃគម្រោងសរុបចំនួន ៣២ ពាន់លានដុល្លារ ។
ជាងនេះទៅទៀត រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បាននិយាយផងដែរថា ខ្លួននឹងផ្តល់ហិរញ្ញប្បទានត្រឹមតែមួយភាគប្រាំ នៃការចំណាយសរុបប៉ុណ្ណោះ ដោយក្រុមអ្នកវិនិយោគ នឹងត្រូវបោះទុនសម្រាប់ចំនួនទឹកប្រាក់ដែលនៅសេសសល់ ។
រដ្ឋមន្ត្រីសាធារណការ លោក Basuki Hadimulijono បាននិយាយនៅក្នុងសវនាការសភាថា គម្រោងនេះ ត្រូវការថវិកាបន្ថែម ដើម្បីពន្លឿនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រដ្ឋាភិបាលស្នូល ដែលរួមមានផ្លូវបង់ប្រាក់ និងទីលំនៅសម្រាប់មន្ត្រីរាជការ ជាដើម ។
លើសពីនេះ លោក Basuki បានបន្ថែមទៀតថា ការសាងសង់លើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់រដ្ឋាភិបាលស្នូល គ្រោងនឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំក្រោយ ខណ:ប្រធានាធិបតីលោក Joko Widodo គ្រោងនឹងអញ្ជើញក្រុមអ្នកវិនិយោគ មកទស្សនារដ្ឋធានីថ្មី នៅក្នុងត្រីមាសទីពីរ នៃឆ្នាំ ២០២៣ ខាងមុខ៕