ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways Plc កំពុងដាក់ក្តីរំពឹងទុកថា ប្រាក់ចំណូលរបស់ខ្លួន នៅឆ្នាំ ២០២២ នេះ អាចនឹងឈានដល់ ១០ ពាន់លានបាត (២៨២,៩ លានដុល្លារ) បន្ទាប់ពីទទួលបានអ្នកដំណើរជាង ២,៦ លាននាក់ ដោយសារតែការងើបឡើងវិញនៃទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយពី Bangkok Post ។
លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុន Bangkok Airways បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់លោក មានគោលដៅដឹកអ្នកដំណើរបរទេសឱ្យកាន់តែច្រើន ដើម្បីព្យាយាមវិលត្រលប់ទៅរកចំនួនភ្ញៀវបរទេស ដែលមានច្រើនជាង ៧៥% នៃអ្នកដំណើរសរុប ដែលបានហោះហើរ នៅក្នុងឆ្នាំ ២០១៩ ។
គួរឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ក្រុមហ៊ុន Bangkok Airways បានដឹកអ្នកដំណើរប្រហែល ១,៧ លាននាក់ ឬស្មើ ៤០% នៃរយ:ពេលដូចគ្នា មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ស្របពេលអ្នកដំណើរក្នុងស្រុក មានចំនួន ៤០% ពោលគឺខ្ពស់ជាង ២០% ពីចំនួនសរុប នៅក្នុងឆ្នាំ ២០១៩ ។
យ៉ាងណាមិញ ក្រុមហ៊ុន បានធ្វើការរាយការណ៍អំពីប្រាក់ចំណូលរយ:ពេល ៩ ខែដំបូងឆ្នាំនេះ ក្នុងចំនួន ៨,១២ ពាន់លានបាតរួចទៅហើយ ដែលជាចំនួនជិតដល់គោលដៅដែលព្រាងទុក នៅដំណាច់ឆ្នាំរបស់ខ្លួន ក្នុងចំនួន ៨,១៧ ពាន់លានបាត ។
ដោយឡែក លោក Puttipong បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់លោក អាចនឹងទទួលបានប្រាក់ចំណូលដល់ ១០ ពាន់លានបាត នៅក្នុងឆ្នាំនេះទាំងមូល ខណ:ពេលដែលចំនួនភ្ញៀវទេសចរបរទេស និងជើងហោះហើរ នៅតែបន្តកើនឡើងខ្ពស់។
លើសពីនេះ លោក Puttipong បានបន្ថែមទៀតថា អ្នកដំណើរបានកើនឡើងយ៉ាងខ្លាំង ចាប់ពីខែកក្កដាមក នៅពេលដែលរដ្ឋាភិបាលសម្រេចដកចេញការរឹតបន្តឹងតាមច្រកព្រំដែន។ ហើយកោះ Samui គឺជាគោលដៅពេញនិយមបំផុត សម្រាប់ Bangkok Airways ដែលស្មើនឹង ៥០% នៃសេវាកម្មហោះហើរសរុបរបស់ខ្លួន ៕