ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងបានបណ្តុះបណ្តាលគ្រូពេទ្យចំនួន ២០០០នាក់រួចហើយ ដើម្បីត្រៀមប្រតិបត្តិការស្រាវជ្រាវរកវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ លោកស្រីបញ្ជាក់បែបនេះ ក្រោយសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។
ក្រុមគ្រូពេទ្យប្រមាណ២០០០នាក់ ដែលទទួលបានការបណ្តុះបណ្តាល ត្រូវបានពង្រាយនៅតាមរាជធានីខេត្តទាំង២៥ ដើម្បីប្រតិបត្តិការស្រាវជ្រាវរកអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។
ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមនូវវិធានការការពារ ការអនាម័យ លាងដៃឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់រីករាលដាល និងឆ្លងវីរុសកូវីដ១៩។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានស្នើឲ្យមានការផ្អាក ឬកាត់បន្ថយការធ្វើដំណើរចេញទៅក្រៅប្រទេស តែបើករណីចាំបាច់ត្រូវតែចេញទៅក្រៅប្រទេស បុគ្គលខ្លួនឯង ត្រូវមានវិធានការការពារខ្លួនឲ្យបានម៉ត់ចត់បំផុត។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ខណៈដែលកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងជំងឹ Covid-19 ចំនួន៣៥នាក់ហើយ៕