លោក ឡេង ខៀវ៖ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាមានជាង៣០០នាក់ ត្រឹមបច្ចុប្បន្ននេះ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៩ -៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា មានសមាជិកសរុបជាង៣០០នាក់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទ និងពិព័រណ៌ទឹកកម្ពុជាលើកទី៤ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានឱ្យដឹងថា សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន គឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលជាសេវាសារធារណៈចាំបាច់មួយក្នុងការទ្រទ្រង់សុខមាលភាព និងជីវភាពរបស់ប្រជាជនខ្មែរ។ លោកថា បច្ចុប្បន្ននេះសមាគមមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ​២៨៤ ជាអ្នកផ្តល់​សេវា​ផ្គត់ផ្គង់ទឹកស្អាត នៅក្នុង ២៣ខេត្ត-ក្រុង។

ជាមួយគ្នានេះ លោកអះអាងថា សមាគមសន្យានឹងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការបន្ថែមទៀតដើម្បីការរីកចម្រើន និង​ផ្តល់ប្រយោជន៍ដល់សមាជិកសមាគមឱ្យបានកាន់តែប្រសើរឡើង។ ជាងនេះទៀត ក្នុងគោលដៅរយៈពេលវែង សមាគម​អ្នក​ផ្គត់​ផ្គង់​ទឹកស្អាត​កម្ពុជា និងអគ្គនាយកដ្ឋាន​ទឹកស្អាត​ នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្តេជ្ញាបង្កើន​កិច្ច​សហការ​រយៈពេល​យូរអង្វែង លើការពង្រឹងគុណភាពសេវាទឹកស្អាត និងពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃប្រទេស តាមរយៈការបង្កើនសមត្ថភាពអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត កែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត គាំទ្រនិងលើកទឹកចិត្តឱ្យមានការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់ទីប្រជុំជនទូទាំង២៥រាជធានីខេត្តជាដើម៕

អត្ថបទ៖ រង្សី