ថ្មីៗនេះ មានផ្ទុះការបាតុកម្មទ្រង់ទ្រាយធំពាសពេញប្រទេសចិន ដោយសារប្រជាជនមិនពេញចិត្តជាមួយយុទ្ធនាការទប់ស្កាត់កូវីដ ១៩ របស់រដ្ឋាភិបាល ដែលមានសភាពតឹងតែងខ្លាំងពេក។
បាតុកម្មដែលកំពុងរីករាលដាលទូទាំងប្រទេសនេះ បានបង្កឲ្យកើតមានជាអំពើហិង្សារវាងក្រុមសន្តិសុខ និងក្រុមបាតុករ រហូតឈានដល់មានការស្នើសុំឲ្យបញ្ឈប់អំពើហិង្សាពីមហាអំណាចធំៗដូចជា អាមេរិក និងកាណាដាជាដើម។ នេះបើតាមការចុះផ្សាយពី TheGuardian។
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយកាលពីថ្ងៃអង្គារថា គ្រប់គ្នានៅប្រទេសចិន គួរតែទទួលបានសិទ្ធពេញលេញក្នុងការបញ្ចេញមតិ និងធ្វើបាតុកម្ម ហើយប្រជាជនកាណាដាក៏កំពុងតាមដានរឿងនេះផងដែរ។
សូមជម្រាបដែរថា ថ្វីបើយុទ្ធនាការកូវីដសូន្យរបស់ចិន មានសភាពតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែវាបានផ្ដល់លទ្ធផលគួរជាទីពេញចិត្ត ពោលគឺករណីកូវីដ ១៩ បានកាត់បន្ថយអស់ច្រើនសន្ធឹក បើធៀបនឹងមហាអំណាចផ្សេងៗដូចជា អាមេរិកជាដើម៕