ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ទោះបីជាមានការកើនឡើងនូវចំនួនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតយ៉ាងណាក្តី ក៏ការប្រឈមក្នុងវិស័យទឹកស្អាតកម្ពុជានៅតែមាន។ ទន្ទឹមគ្នានេះ បើគិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ប្រហែល ៣៤% ប៉ុណ្ណោះ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។
ថ្លែងបើកសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ ឆ្នាំ២០២២ ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ វិច្ឆិកា ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋប្រហែល ៣៤%នៃប្រជាពលរដ្ឋទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ដូចនេះហើយទើបជារាជរដា្ឋភិបាល បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់ប្រកាសអនុញ្ញាតឱ្យផ្គត់ផ្កង់ទឹកស្អាត(អាជ្ញាបណ្ណ) សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់។
គួរបញ្ជាក់ថា តាមរយៈសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត ដោយជំរុញឱ្យប្រជាពលរដ្ឋនៅទីប្រជុំជន ១០០% ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ និងត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្មនិងសមធម៌នូវទឹកបរិភោគសម្រាប់ប្រជាជនទាំងអស់។
តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតរួមមាន៖ ទឹកស្អាតត្រូវមានគុណភាព ទឹកស្អាតត្រូវមានសុវត្ថិភាព ទឹកស្អាតត្រូវមាននិរន្តរភាព ទឹកស្អាតត្រូវមានថ្លៃសមរម្យ៕