លោក ឌិត ទីណា៖ កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសកសិកម្មកាន់តែទំនើប

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសកសិកម្មកាន់តែទំនើប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិត ទីណា បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំខាងលើ លោកបានលើកឡើងថា កម្ពុជាបានអភិវឌ្ឍខ្លួនចេញពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសកសិកម្មកាន់តែទំនើប មានសន្តិសុខស្បៀងកាន់តែរឹងមាំ និងឈានដល់ការនាំចេញស្បៀងមួយចំនួនធំទៀតផង។ លោកបន្តថា ថ្មីៗនេះ ការប្រែប្រួលអាកាសធាតុ និងទឹកជំនន់បានបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខស្បៀងគ្រួសារ ដូច្នេះហើយ រាជរដ្ឋាភិបាលបានចែកគ្រាប់ពូជជូនប្រជាជនដែលរងផលប៉ះពាល់ ដើម្បីជួយស្តារផលិតកម្មស្រូវឡើងវិញ សំដៅបន្តធានាសន្តិសុខស្បៀងគ្រួសារ និងអាហាររូបត្ថម្ភគ្រួសារឱ្យបានពេញលេញ។

លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងដែរថា ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលបានធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើង ប្រជាជនកម្ពុជាមានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនជាងមុនលើកត្តាសុខភាព និងអនាម័យ ដោយបានផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ និងការទទួលទានបានយ៉ាងច្រើន និងឈានដល់ការទទួលទានអាហារដែលផ្តល់អាហារូបត្ថម្ភខ្ពស់ ដូចជាទឹកដោះគោជាដើម ដែលជាចំណុចមួយគួរឱ្យកត់សម្គាល់។

ហេតុនេះ លោកថា ដើម្បីដាក់ចេញនូវវិធានការអនុវត្តឱ្យមានប្រសិទ្ធភាព លោកក៏ស្នើសុំឱ្យអង្គពិធីទាំងមូលពិនិត្យពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់ និងគ្រប់ជ្រុងជ្រោយលើស្ថានភាពជាក់ស្តែងដែលជាកត្តាកំណត់ជោគជ័យនៃការងារ។ ការអប់រំ ការជួយកែប្រែទម្លាប់ និងការបន្តការផ្សព្វផ្សាយឱ្យប្រជាជនមានការយល់ដឹងកាន់តែទូលំទូលាយថែមទៀតអំពីទម្លាប់រស់នៅ និងការទទួលទានប្រកបដោយអនាម័យ គឺជាចំណែកមួយដ៏សំខាន់ផងដែរ៕