ឧកញ៉ា សុខ ពិសិដ្ឋ សហស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុប ជាប់ឆ្នោតជាប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅកាត់ CAMFEBA សម្រាប់អាណត្តិទី១០ ឆ្នាំ២០២៣-២០២៤ ជំនួសឧកញ៉ា វ៉ាន់ ស៊ូអៀង។
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានរកឃើញសមាសភាពអនុប្រធានចំនួន ៨រូបទៀត គឺ ឧកញ៉ាបណ្ឌិត ណាង សុធី, លោក ស គីណាល់, លោកស្រី សាន់ដ្រា ដាមីកូ, លោក សុខ ឡោ, លោកស្រី អេង សុភាព, លោក កាំង ឡេង, លោក Antoine FONTAINE, លោក Arnaud DARC ខណៈដែលលោកស្រី ជ្រា ដាលីយ៉ា ជាប់ឆ្នោតជាអគ្គលេខធិការ លោកស្រី ឡេង សុម៉ាលី ហិរញ្ញិក។
ទន្ទឹមនឹងនោះ លោក ម៉េតធ្យូ រ៉េនដល, លោក សុង សារ៉ន, លោកស្រី VAN Porphin, លោក ម៉ៅ សាវិន សមាជិកក្រុមប្រឹក្សាភិបាល។ ចំណែកឯលោក ម៉ៅ សាវិន ជំនួសឧកញ៉ា វ៉ាន់ ស៊ូអៀង ដោយស្នើសុំលាលែងពីតំណែងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។
សូមជម្រាបថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA គឺជាសហព័ន្ធ និយោជកឯករាជ្យមួយដែលមានទស្សនៈវិស័យបង្រួបបង្រួមនិយោជក និងវិស័យឯកជនក្នុងប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមដំបូលតែមួយ តាមរយៈការធ្វើជាតំណាង និងកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ឋិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពទាក់ទាញពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ ព្រមទាំងមានការប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់ និងនៅលើពិភពលោក។
គួររំលឹកផងដែរថា CAMFEBA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ និង បានទទួលស្គាល់ដោយដៃគូរសហការទាំងក្នុង និងក្រៅប្រទេសថាជាអង្គការតែមួយគត់ ដែលតំណាងឲ្យនិយោជកគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ គិតមកដល់បច្ចុប្បន្ននេះ CAMFEBA តំណាងឱ្យសហគ្រាសជាង២៥០០ ក្រុមហ៊ុន។ លើសពីនេះ CAMFEBA បានផ្ដល់នូវភាពជាតំណាង និងសេវាកម្មយ៉ាងទូលំទូលាយទៅឱ្យសមាជិកតាមរយៈសេវាប្រឹក្សាយោបល់បញ្ហាការងារ និងពាណិជ្ជកម្ម ការចែកចាយ និងផ្សព្វផ្សាយព័ត៌មាន ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍ ការតស៊ូមតិ ការផ្ដល់សេវាឯកសារគតិយុត្ដិ ការស្រាវជ្រាវ និងបោះពុម្ពផ្សាយ៕