សម្តេច ហ៊ុន សែន៖ «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»

សង្គម​ និង​សេដ្ឋកិច្ច

មានប្រសាសន៍ក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គោលនយោបាយវិនិយោគរបស់កម្ពុជា «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានថ្លែងរំលឹកថា មានក្រុមហ៊ុនមួយ បានស្នើសម្តេចបញ្ឈប់ការវិនិយោគរបស់មីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០។ តែត្រូវសម្តេចបញ្ជាក់ទៅវិញថា សម្តេចមិនអាចបំពានការសម្រេចរបស់សម្តេចបាននោះឡើយ។

សូមជម្រាបថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀរីកចម្រើន ជាមួយទុនកើនដល់ ៦០០លានដុល្លារ មានកម្មករបម្រើការងារដល់ ៦ពាន់នាក់។ សម្តេចតេជោបានថ្លែងថា «ជំនឿចិត្ត» ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុន នៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា គិតចាប់ពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ក្នុងនោះវិនិយោគិនកម្ពុជា បានឈានមុខគេក្នុងការបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង ១ ៧០០ លានដុល្លារអាមេរិក មានចំណែក ៥០.៩៤% នៃការវិនិយោគសរុប កើនឡើងទេ្វដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់វិនិយោគជិត ៧០០លានដុល្លារ និងមានចំណែកវិនិយោគ ២០.៧៤%ប៉ុណ្ណោះ។

ប្រទេសចិនដែលធ្លាប់នាំមុខគេក្នុងការវិនិយោគនៅកម្ពុជា បានស្ថិតក្នុងលំដាប់ទី២វិញ ដែលបានមកវិនិយោគក្នុងទំហំទឹកប្រាក់ ជាង១៥០០លានដុល្លារ មានចំណែកវិនិយោគ ៤៣.៩៨%។ តាមពីក្រោយចិន គឺប្រទេសថៃ ដែលមានទុនវិនិយោគប្រមាណ ៤៤លានដុល្លារ មានចំណែកវិនិយោគ ១.២៧% ។ ចំណែកប្រទេសជប៉ុន ស្ថិតចំណាត់ថ្នាក់ទី៤ ដែលបាននាំទុនវិនយោគបានប្រមាណជិត ៤០លានដុល្លារ មានចំណែក១.១៤%នៃវិនិយោគសរុប៕