ប្រធានាធិបតីអ៊ុយក្រែន អញ្ជើញ Elon Musk ទៅមើលស្ថានភាពសង្គ្រាមផ្ទាល់ មុនស្នើកិច្ចព្រមព្រៀងសន្តិភាព

អន្តរជាតិ

កាលពីខែតុលាកន្លងទៅ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានបង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ផ្លូវការ​របស់​លោក​អំពី កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ​លោក​បាន​លើកឡើង​យ៉ាងងាយៗ​ដោយ​ សុំ​ឲ្យ​មាន​ការ​ត្រួតពិនិត្យឡើង​វិញរបស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ដែលកាន់កាប់ដោយអ៊ុយក្រែន ស្នើឲ្យមាន​ការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើឧបទ្វីបគ្រីមៀ និងផ្តល់ឱ្យអ៊ុយក្រែននូវឋានៈអព្យាក្រឹត។

យ៉ាងណា ក្រោយ​ទទួល​បាន​ដំណឹង​ខាងលើ​ ប្រធានាធិបតី​អ៊ុយក្រែន Voloymyr Zelenskyy បាន​ប្រតិកម្ម​ជាមួយ​មេធំ Tesla ជាខ្លាំង ដោយលោក​សង្កត់ធ្ងន់ថា បញ្ហា​នេះ​មិនមែន​ជា​រឿង​តូចតាច​ដូច​មហាសេដ្ឋី​អាមេរិក​លើកឡើង​ឡើយ ហើយ​បើចង់​ដឹង​ច្បាស់ Elon Musk ត្រូវ​មក​អ៊ុយក្រែន​ផ្ទាល់។

យោងតាម​បទសម្ភាសន៍​ជាមួយ​ The New York Times លោក​ Zelenskyy បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​អ្នក​នៅ​ពី​ក្រោយ​គាត់ (Elon Musk) ឬ​គាត់​អាច​យល់​ឃើញ​បែបនេះ​ដោយ​ខ្លួនឯង។ បើសិនជា​អ្នក​ចង់​ដឹង​ច្បាស់​ពី​អ្វី​ដែល​រុស្ស៊ី​បាន​ធ្វើ​មក​លើ​យើង សូម​មក​អ៊ុយក្រែន​សិនមក បន្ទាប់​ពី​បាន​ឃើញ​ស្ថានភាព​ទីនេះ​ហើយ ចាំ​ប្រាប់​ខ្ញុំ​អំពី​ការ​បញ្ចប់​សង្គ្រាម​ដោយ​សន្តិភាព”។

សូមជម្រាបដែរថា ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាន់ជំហរ​យ៉ាង​មុតមាំ​ថា ដាច់ខាត​លោក​នឹង​ចូល​តុ​ចរចា​ជាមួយ​រុស្ស៊ី​ឡើយ ដរាបណា​ វ៉្លាឌីមៀរ ពូទីន នៅ​តែ​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​រុស្ស៊ី៕