ថៃ កំពុងជំរុញខ្លាំងដល់ការវិនិយោគលើរថយន្តអគ្គិសនី ដើម្បីក្លាយជាមជ្ឈមណ្ឌលធំបំផុត ក្នុងតំបន់

អន្តរជាតិ

វិនិយោគិនបរទេសកាន់តែច្រើន កំពុងបង្ហាញការចាប់អារម្មណ៍ទៅលើលទ្ធភាព ក្នុងការវិនិយោគលើការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាល បានដាក់ចេញនូវវិធានការទាក់ទាញជាច្រើន ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនី ក៏ដូចជាមានការកើនឡើងនៃតម្រូវការ នៅក្នុងស្រុកសម្រាប់ផលិតផលនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក បើយោងតាមក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានបង្ហាញផងដែរថា រដ្ឋាភិបាល បាននិងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្ត EV និងលើកទឹកចិត្តដល់ប្រជាជនរបស់ខ្លួន ដើម្បីឱ្យងាកមកប្រើប្រាស់យានយន្តអគ្គិសវិញ ក្នុងគោលបំណងប្រែក្លាយថៃ ទៅជាមជ្ឈមណ្ឌលផលិតរថយន្ត EV ធំបំផុតមួយ ក្នុងតំបន់។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នប្រទេសថៃ បានកំណត់គោលដៅធំ ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន ៣០% នៃយានយន្តសរុប នៅក្នុងឆ្នាំ ២០២៣ ខាងមុខ។

ជាងនេះទៅទៀត អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Trisulee Trisoranakul បានមានប្រសាសន៍ថា បន្ថែមពីលើគោលនយោបាយ ជុំវិញការវិនិយោគច្បាស់លាស់ ក៏មានកត្តាធំៗផ្សេងទៀត ដូចជាការកើនឡើងនៃតម្រូវការ និងសក្តានុពលនៃទីផ្សារក្នុងប្រទេសថៃ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញក្រុមហ៊ុនផលិតរថយន្ត EV រួមទាំងក្រុមហ៊ុនផលិតអាគុយ និងគ្រឿងបន្លាស់ មកវិនិយោគនៅក្នុងប្រទេសខ្លួនផងដែរ ។

បញ្ជាក់ថាសហគ្រាសធំៗទាំងនោះ មានបំណងជ្រើសរើសយកប្រទេសថៃ ធ្វើជាមូលដ្ឋានសម្រាប់ផលិតរថយន្តអគ្គិសនី ដើម្បីលក់នៅក្នុងទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។ ហើយបើតាម សហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ នេះ មានរថយន្តអគ្គិសនីប្រមាណ ១២ ៥២៨ គ្រឿងត្រូវបានចុះបញ្ជី ពោលគឺកើន ២៣០% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ៕