កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
សំណុំរឿងលេខ T-269/19 ដែលគណៈកម្មការអឺរ៉ុបបានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។
សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង នៃសហភាពអឺរ៉ុប បានបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួររំឭកថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ ដោយគិតផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ហើយនៅឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួនប្រហែល ២០០ដុល្លារក្នុង១តោន, ឆ្នាំទី២ ឆ្នាំ២០២០ តម្លៃប្រហែល ១៧០ដុល្លារក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃប្រហែល ១៤២ដុល្លារក្នុង១តោន ខណៈដែលការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុបដូចគ្នាផងដែរ។
សូមជម្រាបជូនផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា គឺទើបតែផ្លាស់ប្តូរក្បាលម៉ាស៊ីនបន្តវេនថ្មី ដែលតាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា លោកឧកញ៉ា សុង សារ៉ន ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតគាំទ្រឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាល ស្របពេលដែលលោកឧកញ៉ា ចាន់ សុឃាំង អតីតអនុប្រធានសហព័ន្ធ បានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤៕