ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍអចនលទ្រព្យខ្នាតយក្ស Sunac China ទទួលបានប្រាក់កម្ចីជាង ១២ ពាន់លានយ៉ន់ ឬប្រមាណ ១,៦៩ ពាន់លានដុល្លារ ពីធនាគារចិនមួយចំនួន រួមទាំងបណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសមកម្មផ្សេងទៀតផងដែរ ដើម្បីបញ្ចប់គម្រោងសាងសង់ ដែលកំពុងមានភាពជាប់គាំង។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Reuters ។
ក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ បាននិងកំពុងតស៊ូយ៉ាងខ្លាំង ដើម្បីស្វែងរកលទ្ធភាពក្នុងការទូទាត់សងម្ចាស់បំណុលរបស់ខ្លួន ហើយក៏កំពុងស្ថិតនៅក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ ទាំងម្ចាស់បំណុលក្នុងស្រុក និងនៅក្រៅប្រទេស ។
ជុំវិញស្ថានភាពបែបនេះហើយ ទើបរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់ចេញនូវវិធានជួយសង្គ្រោះជាច្រើន ដើម្បីដោះស្រាយលើវិបត្តិសាច់ប្រាក់ ដែលបានកើតឡើងទៅលើវិស័យអចលនទ្រព្យ បន្ទាប់ពីវាបានបង្កឱ្យសេដ្ឋកិច្ចរបស់ចិនទាំងមូល ធ្លាក់ចូលទៅក្នុងបញ្ហាដូចគ្នា។
ហើយយ៉ាងណាមិញ ក្រុមហ៊ុន China Huarong Asset Management រួមទាំងធនាគារចិនចំនួន ៦ ផ្សេងទៀត ដែលដឹកនាំដោយ Shanghai Pudong Development Bank និងក្រុមហ៊ុន CITIC Trust ផងដែរ បានធ្វើការផ្តល់ហិរញ្ញប្បទានជាពិសេស ជូនដល់ក្រុមហ៊ុន Sunac ដើម្បីប្រើសម្រាប់បន្តអភិវឌ្ឍ សាងសង់ និងប្រតិបត្តិការ សម្រាប់គម្រោង Shanghai Dongjiadu របស់ពួកគេ ។
មិនតែប៉ុណ្ណោះ បើយោងតាមអ្នកវិភាគ បានបង្ហាញទៀតថា នេះគឺជាការជួយសង្គ្រោះដ៏សំខាន់មួយ ក្នុងការបញ្ចប់គម្រោង Dongjiadu របស់ក្រុមហ៊ុន Sunac ដែលមានទីតាំងនៅចំកណ្តាលសង្កាត់ Huangpu ទីក្រុងសៀងហៃ ដោយក្នុងគម្រោងនោះ មានផ្តល់ជូនដូចជា លំនៅឋាន និងកន្លែងពាណិជ្ជកម្ម ហើយវាត្រូវការទឹកប្រាក់វិនិយោគសរុបប្រមាណ ៥០ ពាន់លានយ៉នឯណោះ៕