វិបត្តិអចលនទ្រព្យ​រ៉ាំរ៉ៃ​ កំពុងបង្កហានិភ័យខ្ពស់ ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន

អន្តរជាតិ

ថ្មីៗនេះ យោងតាមទីភ្នាក់ងារវាយតម្លៃ Moody បាននិយាយថា ហានិភ័យចំពោះស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន កំពុងមានការកើនឡើងខ្លាំង ដោយសារតែវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ នៅតែបន្តអូសបន្លាយ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលធ្វើឱ្យធនាគារតូចៗ កាន់តែងាយរងគ្រោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង នៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញវិធានការដ៏តឹងរ៉ឹង ដោយបានរារាំងការផ្តល់ប្រាក់កម្ចីច្រើនលើសលុបពេក សម្រាប់ក្រុមហ៊ុនអភិវឌ្ឍ។ ហើយជុំវិញការគៀបសង្កត់នេះ បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃការវិនិយោគលើវិស័យអចលនទ្រព្យ រួមទាំងការលក់ តម្លៃ និងការកើនឡើងចំនួន នៃការខកខានសងបំណុលថែមទៀតផង ។

យ៉ាងណាមិញ ទីភ្នាក់ងារ Moody បាននិយាយនៅក្នុងរបាយការណ៍មួយថា ទ្រនាប់ការពារប្រព័ន្ធហិរញ្ញវត្ថុមួយចំនួន កំពុងធ្លាក់ចុះ ដែលវានឹងបង្កទៅជាហានិភ័យ ប្រសិនបើវិបត្តិអចលនទ្រព្យបន្តអូសបន្លាយបែបនេះ។ ហានិភ័យ ចំពោះស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន កំពុងកើនឡើងខ្លាំង ចំពេលមានការធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យ និងការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេស ។

សូមបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញវិធានការគាំទ្រជាច្រើន ដើម្បីជួយបង្កើន​លំហូរ​សាច់ប្រាក់ ទៅក្នុងវិស័យអចលនទ្រព្យ ព្រោះថានេះ ជាវិស័យស្នូលមួយ ដែលមានមួយភាគបួន នៃសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន ។

ប៉ុន្តែ បើតាមលោកស្រី Lillian Li ដែលជាអនុប្រធាន និងជាមន្ត្រីឥណទានជាន់ខ្ពស់របស់ Moody បានមានប្រសាសន៍ថា ទោះបីជាអាជ្ញាធរនៅតែបន្តមានវិធានការច្រើន ដើម្បីការពារវិបត្តិហិរញ្ញវត្ថុជាប្រព័ន្ធក៏ដោយ ប៉ុន្តែទ្រនាប់នោះ កំពុងធ្លាក់ចុះខ្សោយ ហើយវាអាចបង្កជាហានិភ័យ ប្រសិនបើវិបត្តិអចលនទ្រព្យនៅតែបន្តនោះ ៕