មួយរយៈកាលចុងក្រោយនេះ សេដ្ឋកិច្ចនៃប្រទេសចិនហាក់មិនសូវបង្ហាញសក្ដានុពលប៉ុន្មានឡើយ ពោលវិបត្តិអចលនទ្រព្យកំពុងធ្លាក់ដុនដាប ចំពេលការផ្ទុះឡើងវិញនៃកូវីដ ១៩ ទៀត រឹតតែធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចទី ២ លើលោក កាន់តែជួបហានិភ័យ។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសចិន នឹងអាចបណ្ដាលឲ្យមានផលប៉ះពាល់ជាខ្លាំងដល់ទំហំសេដ្ឋកិច្ចនៅអាស៊ីទាំងមូល ដ្បិតចិនដើរតួយ៉ាងសំខាន់ជាខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញទូទាំងសកលលោក។ នេះបើតាមការឲ្យដឹងពីប្រធានគ្រប់គ្រង IMF អ្នកស្រី Kristalina Georgieva។
ជាមួយគ្នានោះ ប្រធានធនាគារ ADB លោក Masatsugu Asakawa ក៏បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយរបស់អាស៊ី មានការប្រុងប្រយ័ត្នចំពោះសញ្ញានៃលំហូរចេញមូលធនភ្លាមៗ ដែលកើតឡើងដោយការដំឡើងអត្រាការប្រាក់ជាបន្តរបស់សហរដ្ឋអាមេរិក។
យ៉ាងណា អ្នកស្រី Georgieva ក៏បានបង្ហើបដែរថា ទំហំសេដ្ឋកិច្ចនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) គឺកំពុងបង្ហាញសក្ដានុពលខ្លាំងនៅលើឆាកអន្តរជាតិ ពោលមានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាស៊ាននឹងកើនដល់ ៥% នៅឆ្នាំនេះ ឬអាចស្ថិតនៅល្បាក់ៗនេះនៅឆ្នាំ ២០២៣៕