ក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង១.៧៩លាននាក់ កើនឡើងជាង៨៨៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីប្រារព្ធខួប២០ឆ្នាំរបស់សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូនេះ បានបញ្ជាក់ថា ក្នុងចំណោមទេសចរសរុបទាំង១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ថោង ខុន ការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង២.២៧លាននាក់ កើនឡើងជាង៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង២៩១% ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង២៣ម៉ឺននាក់ ក្នុងកំណើនជាង១៧៦៣%។
របាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕