សហគ្រិនវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា ម៉ន សុខា ជាប់ឆ្នោតជ្រើសរើសជាប្រធានដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា នៅអាណត្តិទី២ រយៈពេល ៣ឆ្នាំបន្ត ក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២២ កាលពីថ្ងៃសៅរ៍ទី៣ ខែវិច្ឆិកានេះ។
ការជាប់ឆ្នោតបន្តជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា សម្រាប់អាណត្តិទី២នេះ គឺជាលើកទី២របស់លោកឧកញ៉ា បន្ទាប់ពីការបង្កើតសមាគមនេះឡើង ដើម្បីចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ ពិសេសផ្នែកអភិវឌ្ឍដីឡូត៍តែម្តង។
ឧកញ៉ា ម៉ន សុខា ស្ថាបនិកក្រុមហ៊ុន Utrust Investment Co,.LTD ដែលវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យ សេវាគ្រប់គ្រង និងវាយតម្លៃអចលនវត្ថុ។ លោកទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដោយព្រះរាជក្រឹត្យលេខ នស/ករត/១២២០/១៣០៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ឧកញ៉ា ម៉ន សុខា បង្ហាញនូវការកោតសរសើរថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អាណត្តិទី១ គ្រប់រូបដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត បញ្ញាស្មារតី សម្ភារៈថវិកា និងពេលវេលាដ៏មានតម្លៃចូលរួមជ្រោមជ្រែងសមាគមនាពេលកន្លងមកប្រកបដោយទឹកចិត្តថ្លៃថ្លា គុណធម៌ ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យ សេដ្ឋកិច្ចសង្គមជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ ឱ្យមានភាពរីកចម្រើន នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។
សូមជម្រាបជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានបង្កើតឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ខណៈដែលបច្ចុប្បន្នឧកញ៉ា ម៉ន សុខា បន្តជាប្រធាន និងមានអនុប្រធាន ក្រុមប្រឹក្សាភិបាល អគ្គលេខាធិការ ព្រមទាំងសមាជិកច្រើនរូបទៀត ប្រមូលផ្តុំដោយអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ៕