អ្នកជំនាញទទួចស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពជួយស្ថាបនាប្រព័ន្ធទឹក-ភ្លើងក្នុងគម្រោងដីឡូតិ៍

ជុំវិញ​ឧកញ៉ា

ជាមួយ​ភាព​​រីក​ចម្រើនផ្នែក​​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ វិស័យ​អចលន​ទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ ត្រូវបានមើលឃើញថា ​មានការ​រីកចម្រើន​យ៉ាង​លឿន​​ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​ ពិសេស​​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឃាង ពុទ្ធី ទីប្រឹក្សាសមាគមអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សមាគមអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូម្សិលមិញ បានអំពាវនាវឲ្យរាជរដ្ឋាភិបាល ជាពិសេសរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ពិនិត្យមើលគម្រោងដីឡូតិ៍ដែលបានពុះបែងចាយក្បាលដីរួចរាល់ធ្វើអាជីវកម្ម ហើយបានលក់ជូនអតិថិជន ជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក-ភ្លើង ដើម្បីឲ្យប្រ​ជាជនសាងសង់ផ្ទះបានក្នុងតម្លៃសមរម្យ។

ការស្នើសុំយ៉ាងដូច្នេះពីឧកញ៉ា ឃាង ពុទ្ធី បន្ទាប់ពីលោកមើលឃើញអ្នកទិញដីឡូតិ៍នៅប្រទេសកម្ពុជាមានចំនួនច្រើនរហូតដល់ ៤០ម៉ឺនឡូតិ៍មកដល់ពេលបច្ចុប្បន្ន។ ការណ៍នេះ ដើម្បីសម្រួលដល់បងប្អូនកម្មករ កម្មការិនី និងអ្នកប្រកបមុខរបរតិចតួចដែលមានជីវភាពកម្រិតទៅមធ្យម ដោយលោកឧកញ៉ាចាត់ទុកថា ដីឡូតិ៍ល្អសម្រាប់ពួកគាត់ដែលមានពុំទាន់មានលទ្ធភាពទិញផ្ទះបានក្នុងតម្លៃប្រហែល ៥ម៉ឺនទៅ ១០ម៉ឺនដុល្លារ។

លោកពន្យល់ថា ការទិញដីឡូតិ៍ពួកគាត់អាចបង់រំលោះបានដោយគ្រាន់តែមាន ៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារហើយបង់បន្តិចម្តងៗ ដល់ពេលថ្ងៃក្រោយមានលទ្ធភាពអាចសង់ផ្ទះបានក្នុងតម្លៃសមរម្យ។

ថ្លែងមកកាន់គេហទំព័រឧកញ៉ាញូស៍ ឧកញ៉ា ឃាង ពុទ្ធី បានបញ្ជាក់ថា វិស័យអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ជួយទ្រទ្រង់សេដ្ឋកិច្ច តាមរយៈគម្រោងវិនិយោគ ឬអភិវឌ្ឍអចលនទ្រព្យនានា។ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន បើតាមអ្នកជំនាញរូបនេះ អ្នកអភិវឌ្ឍអចលនទ្រព្យត្រូវតែអភិវឌ្ឍមានគុណភាព និងសំណង់សាងសង់ទៅតាមច្បាប់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ តាមនិយាមការត្រឹមត្រូវផងដែរ។

ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញថា ក្នុង​រយៈពេល​ ២ ​ទសវត្ស​រ៍ចុងក្រោយ​នេះ ​​ក្រសួង​បានចេញ​លិខិត​អនុ​ញ្ញាតឱ្យ​សាងសង់​ជាង ៥៧ ០០០ ការដ្ឋាន​សំណង់​នៅ​ទូទាំងប្រទេស​​។ តាម​ការប៉ាន់ស្មាន​វិនិយោគ​សរុប​​ក្នុង​វិស័យ​សំណង់​នា​​​រយៈពេល ២ ទសវត្ស​រ៍​​ចុងក្រោយ​នេះ​ មាន​ប្រមាណ​ជាង ៦៦​ ពាន់​លាន​ដុល្លា​រអាមេរិក ហើយ​វិស័យ​នេះ​​បាន​ផ្តល់​ការងារ​ជា​មធ្យម ១៥​ ម៉ឺន​​នាក់​ក្នុង ១ ថ្ងៃ​។​

ទន្ទឹមនឹងនេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​​ឱ្យដឹងថា នៅ​ដើមឆ្នាំ​ ២០២២ ក្នុង​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី និង​​បណ្ដុំ​ផ្ទះល្វែង​ចំនួន ៣១០​ កន្លែង និង​អគារ​ខ្ពស់ៗ​ចំនួន ១ ៦០៣ ​អគារ ដោយ​ក្នុងនោះ​អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ​មាន​ចំនួន ២២៥ អគារ។ ដោយឡែក​ក្នុង​ខេត្ត​ព្រះសីហនុ គិត​មកទល់ពេលនេះ អគារ​ដែល​​សាងសង់​​រួច និង​កំពុងដំណើរការ​មាន​ចំនួន ២៧៨ ​អគារ និង​អគារ​ដែល​បានបញ្ចប់​​ការសាងសង់ តែ​មិន​ដំណើរការ​មាន​ចំនួន ២៥១ ​អគារ​៕