មហាសេដ្ឋីហុងកុងចង់ប្រថុយវិនិយោគ គម្រោងអភិវឌ្ឍន៍ខ្នាតយក្សនៅអង់គ្លេស ធ្លាប់បរាជ័យកាលពី ២ ឆ្នាំមុន

អន្តរជាតិ

ថ្មីៗនេះ មហាសេដ្ឋីហុងកុងម្នាក់​កំពុង​ត្រៀមខ្លួន​ស្ដារ​គម្រោង​អភិវឌ្ឍន៍​ខ្នាតយក្ស​នៅ​ភាគខាងកើត​ទីក្រុងឡុងដ៍ ដែលធ្លាប់ជាគម្រោងការណ៍​ដ៏អស្ចារ្យជំនាន់​​អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងលោក David Cameron។ នេះបើតាម​ការចុះផ្សាយពីសារព័ត៌មានហុងកុង Chof360។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំងដែល​គម្រោងអភិវឌ្ឍន៍​នេះ​បាន​បោះបង់គឺ នៅទល់មុខអាកាសយានដ្ឋានទីក្រុងឡុងដ៍ ដែលដើមឡើយត្រូវបានគេកំណត់ ថាជាទីតាំងរបស់រាជធានីនៃទីក្រុង Venice និងមានទំហំ ៣៥ ហិកតា។

គម្រោងមួយនេះ ​ត្រូវបាន​ផ្ដល់​ទៅឲ្យ​ក្រុមហ៊ុន​ Advanced Business Park (ABP) ក្នុងតម្លៃ​កុងត្រា​ជិត ២ ពាន់​លាន​ផោន កាលពីឆ្នាំ ២០១៣ ដោយ​អតីតអភិបាលក្រុងឡុងដ៍ លោក Boris Johnson ជាមួយ​នឹង​ចក្ខុវិស័យ​នាំយក​វិនិយោគិនចិន​រាប់ពាន់​នាក់​មក​បណ្ដាក់ទុននៅ​រាជធានី​នៃ​ចក្រភពអង់គ្លេស។

យ៉ាងណា គ្រោងការណ៍​ដ៏​សំបើម​នេះ​ត្រូវបាន​ប្រកាស​បោះបង់ចោល​កាលពី ២ ឆ្នាំ​មុន ហើយសាលាក្រុងបាន​ចេញ​ដីកា​លុបចោល​សិទ្ធអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ABP កាលពី​ខែកុម្ភៈ​នៃ​ឆ្នាំ​នេះ។

ទន្ទឹមនឹងនោះ លោក Ivan Koo ​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ជា​មេធំ​នៃ​ក្រុមហ៊ុន Victoria Harbor បាន​ចាប់អារម្មណ៍​ជាមួយ​នឹងគ្រោងការណ៍​ដែល​ធ្លាប់​បរាជ័យ​មួយ​នេះ ចំពេលការវិនិយោគរបស់ចិន នៅអង់គ្លេសកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង។

សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ Rishi Sunak បាន​មាន​ប្រសាសន៍​ថា យុគសម័យមាស​នៃទំនាក់ទំនង​សេដ្ឋកិច្ច​រវាងចិន និងអង់គ្លេស​បាន​បញ្ចប់​ហើយ និងជា​ការ​សង្កត់​បញ្ជាក់​ថា សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​រវាង​ចិន និង​អង់គ្លេស​ដែល​អតីត​នាយករដ្ឋមន្ត្រី Cameron ខំ​សាងកាលពី​មួយ​ទសវត្សមុន បាន​ឈាន​ដល់​ចំណុច​ប្រេះស្រាំ​ហើយ៕