ប៉ូលិសថៃ កំពុងរៀបចំឯកសារបញ្ជូនមហាសេដ្ឋីម៉ាឡេស៊ី ទៅកាន់ប្រទេសចិនក្នុងរយៈពេលឆាប់ៗនេះ ដោយរំពឹងថា បត្យាប័ននឹងបញ្ចប់មុនដាច់ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី Bangkokpost។
យោងតាមសម្ដីរបស់អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ Surachate Hakparn បានប្រាប់ទៅកាន់សារព័ត៌មាន Bernama កាលពីថ្ងៃអាទិត្យថា អ្នកជំនួញម៉ាឡេស៊ី Teow Wooi Huat នឹងត្រូវនិរទេសទៅកាន់ប្រទេសចិន ក្រោមសំណើធ្វើបត្យាប័នដែលធ្វើឡើងនៅប្រទេសថៃដោយអាជ្ញាធរចិន។
សូមជម្រាបដែរថា លោក Teow ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា Teddy ត្រូវបានតម្រួតថៃឃាត់ខ្លួននៅទីក្រុង Dan Nok ជាទីក្រុងព្រំដែនក្នុងស្រុក Sadao នៃខេត្ត Songkhla ទល់មុខប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២២ ខែកក្កដា ពីបទលាងលុយកខ្វក់ពីប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិតនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។
មហាសេដ្ឋីខាងលើ ក៏ជាស្ថាបនិកក្រុមហ៊ុន MBI International Sdn Bhd ដែលក្ដោបក្ដាប់អាជីវកម្មជាច្រើនកន្លែងនៅប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនមួយនេះហើយដែលសារព័ត៌មាន SCMP ធ្លាប់ផ្សាយថា ជាទីកន្លែងដែលប្រជាជនចិនធ្លាប់លាងលុយរាប់រយលានដុល្លារ តាមរយៈ “ការវិនិយោគផ្សេងៗ“៕