លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ Korea Importers Association – KOIMA) ចុះទស្សនកិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីទឹកត្រីង៉ូវហេង កំពត និងផ្សារអ៊ីឆេ ង៉ូវហេង នៅក្រុងកំពត ខេត្តកំពត ដើម្បីជំរុញការនាំចេញទៅទេសកូរ៉េ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។
ក្នុងឱកាសពិនិត្យជាក់ស្តែងដល់ទីតាំងសិប្បកម្មផលិតទឹកត្រីនាខេត្តកំពតនេះ លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានបង្ហាញពីគោលបំណងរបស់គណៈប្រតិភូ KOIMA ក្នុងការនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី ផងដែរ។
លោកបន្តថា KOIMA នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត។
ជាមួយគ្នានេះដែរ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងជួយឱ្យគណៈប្រតិភូទាំងអស់ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីខ្សែច្រវាក់ផលិតកម្ម, ផលិតផលទំនិញនិងដំណើរការផ្សារ ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់សហគ្រាសង៉ូវហេង ផងដែរ។ បន្ថែមពីនេះ លោកក៏លើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជា ជាសមាជិក ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនទឹកត្រីង៉ូវហេង សិក្សាស្វែងយល់ និងទាញយកបច្ចេកទេស បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីខាងភាគីកូរ៉េ ដើម្បីបង្កើនគុណភាព ផលិតភាព និងស្ដង់ដារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថា សិប្បកម្មរបស់លោកចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥ គិតមកដល់សព្វថ្ងៃមានអាយុកាល២៧ហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពត នាឆ្នាំ២០០៣, បានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨ និងថ្មីៗនេះទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។
ឧកញ៉ាបានបន្តថា មូលហេតុដែលនាំឱ្យទឹកត្រីរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេង ល្បីឈ្មោះបានដូចសព្វថ្ងៃ មានចំនួន៣ធំៗ រួមមាន៖ ទី១-ត្រីកាកើមដែលមានគុណភាព ទី២-អំបិលកំពតដែលមានគុណភាព និងទី៣-ការបន្ទុំបែបប្រពៃណី។ ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអាហារឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ។
សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងមានដូចជា៖ ទឹកត្រីង៉ូវហេងកំពត ទឹកស៊ីអ៊ីវសៀងពិសេស ទឹកម្ទេស ទឹក ប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី ផ្សារទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន ផ្សារម៉ាក្រូ និងផ្សារទំនើបដទៃទៀត៕