កសិករម្នាក់ ប្រើទុន ៥០០$ បើកសិប្បកម្មផលិតស្រាទំពាំងបាយជូរព្រៃ ធម្មជាតិ រកចំណូលខ្ទង់ ១៥០០$

អាជីវកម្ម

ស្រាទំពាំងបាយជូរព្រៃមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ខណៈដែលកសិករម្នាក់សម្រេចចិត្តបើកសិប្បកម្មផលិតជាលក្ខណៈគ្រួសាររកចំណូលក្នុងមួយរដូវបានទ្ទង់ ១៥០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សូនី ដែលជាម្ចាស់សិប្បកម្មស្រាទំពាំងបាយជូរព្រៃ ធម្មជាតិ នៅខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានឧកញ៉ាញូស៍ថា សិប្បកម្មនេះមានអាយុកាល ៣ឆ្នាំហើយ ដោយលោកស្រីប្រើដើមទុនដំបូង ៥០០ដុល្លារក្នុងការចាប់ផ្ដើមអាជីវកម្មស្រាទំពាំងបាយជូរព្រៃ។ លោកស្រីបន្តថា រហូតមកដល់បច្ចុប្បន្នសិប្បកម្មអាចរកប្រាក់ចំណេញបានចន្លោះពី ១០០០ដុល្លារទៅ ១៥០០ដុល្លារក្នុងមួយរដូវ។

បើតាមលោកស្រី សូនី រូបមន្តដែលយកមកផលិតស្រាទំពាំងបាយជូរនេះគឺបានមកពីប្រទេសបារាំង ដែលក្នុង១ឆ្នាំលោកស្រីផលិតម្ដង ឬមួយរដូវ។

ចំពោះការផលិតនេះ គឺខាងសិប្បកម្មទទួលទិញពីបងប្អូនជនជាតិភាគតិចកួយដែលរស់នៅតំបន់ក្បែរនោះ ។ ហើយការទទួលទិញ ក្នុងមួយគីឡូតម្លៃ ២០០០រៀលដែលក្នុងមួយថ្ងៃទិញចន្លោះពី៥០ទៅ១០០គីឡូក្រាមតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក ទិច ដែលជាអ្នកគ្រប់គ្រងការលក់សិប្បកម្មផលិតស្រាទំពាំងបាយជូរ ធម្មជាតិ ខេត្តព្រះវិហារ។

លោកបញ្ជាក់ថា ក្នុងការផលិតមួយរដូវគឺបានតែ៨០ធុង ឬ១០០ធុងតែប៉ុណ្ណោះ ក្នុងមួយធុង២០លីត្រលក់បាន ៧០ដុល្លារ។ សម្រាប់ការលក់ជាលីត្រវិញក្នុងមួយលីត្រតម្លៃ៦០០០០រៀល។ ទន្ទឹមនឹងនេះ ខាងសិប្បកម្មក៏មានទទួលការកម្ម៉ង់ផលិតផងដែរនៅស្រាកន្ទួតព្រៃ ដែលស្រាប្រភេទថ្មីនេះលក់១លីត្រក្នុងចន្លោះ ៣០-៤០ ដុល្លារ។

លោកគូសបញ្ជាក់បន្ថែមថា កម្រិតអាល់កុលក្នុងស្រាកន្ទួតព្រៃនេះមាន ១១.៥% ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មបន្ទាប់ពីបានចុះពិនិត្យផ្ទាល់។

សូមជម្រាបថា ស្រាទំពាំងបាយជូព្រៃមានអត្ថប្រយោជន៍ច្រើនដូចជា ជួយដល់ក្លៀន បាយបាន សម្រានស្រួល ជួយសម្រួលពេលឈឺចង្កេះ មានរសជាតិឆ្ញាញ់ ប្រកបដោយគុណភាព ព្រមទាំងអត្ថប្រយោជន៍ច្រើនទៀត៕