ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំពុងពិចារណាផ្អាកការសួរសុខទុក្ខបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងពន្ធនាគារ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំស្តាប់របាយការណ៍របស់មន្រ្តីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាស៍ថា ក្រសួងមហាផ្ទៃ កំពុងពិចារណាផ្អាកការសួរសុខទុក្ខបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះ សម្តេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃនឹងបង្កើតគណៈកម្មាការដាច់ដោយឡែកមួយ មានក្រុមការងារនៅតាមអគ្គនាយកដ្ឋាននានា ដើម្បីធ្វើការផ្សព្វផ្សាយអំពីវិធានការទាំងឡាយឲ្យមន្រ្តីបុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា ក្រសួងនឹងមានវិធានការគ្រប់គ្រងតឹងរឹងនៅតាមច្រកព្រំដែនទាំងផ្លូកគោក ផ្លូវទឹក និងផ្លូវអាកាស។
សម្តេចគូសបញ្ជាក់ថា ការដឹកទំនិញតាមច្រកព្រំដែនផ្លូវគោកទាំងអស់ជាមួយប្រទេសវៀតណាម នៅជាប្រក្រតីនៅឡើយ បើទោះជាវៀតណាម ប្រកាសបិទព្រំដែនបណ្តោះអាសន្នជាមួយកម្ពុជាក្តី។ ចំណែកឯប្រទេសថៃ សម្តេចបញ្ជាក់ថា មិនទាន់មានគោលការបិទព្រំដែននៅឡើយ៕