អារ៉ាប៊ីសាអូឌីត ត្រៀមបោះទុនជាង ៨,៦ ពាន់លានដុល្លារ វិនិយោគលើវិស័យធំៗជាច្រើន នៅថៃ

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញឱ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣០០ ពាន់លានបាត ឬជាង ៨,៦ ពាន់លានដុល្លារ ទៅក្នុងឧស្សហកម្មធំៗជាច្រើន​ រួមទាំងទេសចរណ៍ ថាមពល និងវេជ្ជសាស្រ្ត នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Auncha Burapachaisri បាននិយាយថា នាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលបានធ្វើការសិក្សាទៅលើផែនការវិនិយោគនេះ ជាពិសេសពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងវិស័យឯកជនផ្សេងទៀត។

លើសពីនេះ លោក Anucha បានបន្ថែមទៀតថា ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ កំពុងតែសម្លឹងរកមើលលទ្ធភាពក្នុងការវិនិយោគលើឧស្សាហកម្ម នៅក្នុងច្រករបៀងសេដ្ឋកិច្ចពិសេសភាគខាងកើត (EEC) របស់ប្រទេសថៃ ដូចជាវិស័យទេសចរណ៍ វេជ្ជសាស្រ្ត ប្រេង និងសម្ភារ:សំណង់ ជាដើម ។

គួររំលឹកផងដែរថា ក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ប្រទេសថៃ សម្រាប់កិច្ចប្រជុំកំពូល Apec កាលពីខែមុន ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត​ Mohammad bin Salman bin Abdulaziz ក៏បានយាងទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេស EEC ដោយផ្ទាល់ផងដែរ ដើម្បីពិនិត្យមើលលើការផលិតថ្នាំ តាមបែបទំនើប អាហាកែច្នៃ ថាមពលស្អាត និងរថយន្តអគ្គិសនី ។

ដោយឡែកលោក Anucha បានបន្ថែមថា ការិយាល័យ EEC មានទំនុកចិត្តខ្ពស់ថា ប្រទេសថៃ នឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី ធំបំផុតមួយ នៅអាស៊ាន​ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត EV ជាច្រើន បានសម្រេចចិត្ត បង្កើតមូលដ្ឋានផលិតកម្មរបស់ពួកគេ នៅទីនេះ ។

លោកបាននិយាយទៀតថា ​នាយក​រដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ មានក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ដែល​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំងអស់ បាន​សហការ​គ្នា ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ថៃ​មានភាពលេចធ្លោ ​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​បរទេស​ ​៕