ថ្មីៗនេះ យោងតាមសមាគមស្បៀងអាហារវៀតណាម បានបង្ហាញឱ្យដឹងថា តម្លៃនៃការនាំចេញអង្កររបស់វៀតណាម កំពុងឈរនៅកម្រិតខ្ពស់ដាច់គេ នៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
គួរឱ្យដឹងថា អង្ករប្រភេទបាក់ៗ ៥% របស់វៀតណាម បច្ចុប្បន្នអាចលក់ចេញបាន នៅក្នុងតម្លៃប្រមាណ ៤៣៨ ដុល្លារ នៅក្នុងមួយតោន ខណ:អង្ករប្រភេទបាក់ៗ ២៥% អាចលក់បានក្នុងតម្លៃ ៤១៨ ដុល្លារ ក្នុងមួយតោន ។
យ៉ាងណាមិញ ជាមួយតួលេខដ៏ខ្ពស់នេះ បានបង្ហាញថាអង្កររបស់វៀតណាម អាចលក់ចេញបានតម្លៃខ្ពស់ជាងអង្កររបស់ប្រទេសថៃ ២០ ដុល្លារ ក្នុងមួយតោន ស្របពេលអ្នកជំនាញក៏បានព្យាករផងដែរថា តម្លៃនៃការនាំចេញអង្ករវៀតណាម នឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់ នៅខែដំបូងនៃឆ្នាំ ២០២៣ ខាងមុខ ។
លើសពីនេះ បើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានបញ្ជាក់ថា វៀតណាមទំនងជានាំចេញអង្កររបស់ខ្លួន ទៅក្រៅប្រទេស ក្នុងចម្លោះពី ៧,២ ទៅ ៣៧,៣ លានតោន នៅឆ្នាំ ២០២២ នេះ ឬស្មើនឹងតម្លៃចន្លោះពី ៣,៣ ទៅ ៣,៥ ពាន់លានដុល្លារអាមេរិក ។
គួរតក់សម្គាល់ថា ចំពោះការកើនឡើងទាំងតម្លៃ និងចំនួននៃអង្ករវៀតណាមនេះ គឺរួមចំណែកយ៉ាងសំខាន់ ដោយសារតែការនាំចេញភាគច្រើន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក (៨៥%) និងសហភាពអឺរ៉ុប (៨២%) ៕