កាលពីថ្ងៃច័ន្ទនេះ សាខាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស BYD នៅប្រទេសជប៉ុន បានបង្ហើបថា ពួកគេនឹងចាប់ផ្ដើមលក់រថយន្តអគ្គិសនីជាលើកដំបូងនៅដើមឆ្នាំក្រោយ ខណៈជំហានបន្ទាប់នឹងព្យាយាមផ្គត់ផ្គង់រថយន្តទៅកាន់ទីផ្សារកាន់តែធំជាងនេះ។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា រថយន្តដែល BYD នឹងដាក់លក់លើទីផ្សារជប៉ុនតំបូងបំផុតគឺ ជាប្រភេទរថយន្តអគ្គិសនីបែប Sports មានឈ្មោះថា ATTO 3 ចាប់ពីថ្ងៃទី ៣១ មករាតទៅ។
រថយន្តមួយគ្រឿងនេះអាចជិះបានចំងាយដល់ទៅ ៤៨៥ គីឡូម៉ែត្រ និងមានតម្លៃ ៤,៤ លានយ៉េន ឬប្រមាណ ៣២ ៧៣៥ ដុល្លារអាមេរិក ខណៈ BYD មានបំណងចង់បន្ថែម ២ ម៉ូដែលទៀតនៅចុងឆ្នាំ ២០២៣ និងបង្កើតដៃគូលក់ច្រើនជាង ១០០កន្លែងនៅជប៉ុន ត្រឹមចុងឆ្នាំ ២០២៥។
សូមជម្រាបដែរថា គូប្រជែងសំខាន់របស់ BYD លើទីផ្សាររថយន្តអគ្គិសនីនៅជប៉ុនគឺ ក្រុមហ៊ុន Toyota Motor Corp ដែលទើបនឹងប្រកាសលក់រថយន្តអគ្គិសនីឈុតធំកាលពីខែឧសភា ប៉ុន្តែក្រុមហ៊ុនបានប្រមូលរថយន្តដែលលក់ចេញចូលរោងចក្រវិញ ត្រឹមរយៈពេល ២ ខែ ដោយសារបញ្ហាប្រព័ន្ធសុវត្ថិភាព និងចាប់ផ្ដើមសង្វាក់ផលិតកម្មឡើងវិញកាលពីខែតុលា៕