ក្រុមហ៊ុនយក្ស ២ របស់កូរ៉េខាងត្បូងគឺ Samsung និង LG កំពុងត្រៀមចាក់លុយបន្ថែមរាប់ពាន់លានដុល្លារ លើគម្រោងដែលកំពុងវិនិយោគនៅប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីកាសែតរដ្ឋ និងរដ្ឋាភិបាលវៀតណាមបានទម្លាយប្រាប់ថ្មីៗនេះ។
ការប្រកាសមួយនេះធ្វើឡើង ក្រោយក្រុមហ៊ុន Samsung កាត់បន្ថយសង្វាក់ផលិតកម្មទូរស័ព្ទឆ្លាតវៃនៅវៀតណាម ២ លើកនៅឆ្នាំនេះ ដោយសារតម្រូវការពិភពលោកមានការធ្លាក់ចុះ។
បន្ថែមពីនោះ Samsung គឺជាក្រុមហ៊ុនបរទេសដែលបណ្ដាក់ទុនច្រើនបំផុតនៅវៀតណាម ពោលនឹងវិនិយោគទឹកប្រាក់បន្ថែម ២ ពាន់លានដុល្លារទៀត សរុបប្រហែល ២០ ពាន់លានដុល្លារនៅប្រទេសតំបន់អាស៊ានមួយនេះ។
ចំណែក LG វិញ ក៏ត្រូវបាន CNA រាយការណ៍ដែរថា គ្រោងវិនិយោគប្រាក់បន្ថែម ៤ ពាន់លានដុល្លារ ដើម្បីប្រែក្លាយប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតទូរស័ព្ទឆ្លាតវៃ និងកាមេរ៉ារបស់ពួកគេ ខណៈទឹកប្រាក់ដែល LG បានបោះទុននៅវៀតណាមមានប្រហែល ៥,៣ ពាន់លានដុល្លារសរុប។
សូមជម្រាបដែរថា ទាំងវៀតណាម និងកូរ៉េខាងត្បូងមានបំណងចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ និង ១៥០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០ ខណៈកាលពីឆ្នាំទៅទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មាន ៧៨ ពាន់លានដុល្លារ៕